ព័ត៌មានជាតិ

តុលាការកំពូល តម្កល់ទោស បុរសម្នាក់ ជាប់គុក ២០ ឆ្នាំ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនជិត២ គីឡូក្រាម

ភ្នំពេញ:  តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២២នេះ បានប្រកាសសាលដីកា តម្កល់ទោស ពិរុទ្ធជនគ្រឿងញៀនម្នាក់ ជាប់គុក ២០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនជិត ២ គីឡូក្រាម ប្រព្រឹត្ត នៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុង ឆ្នាំ២០១៩ ។

លោក និល ណុន  ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូល បានថ្លែងអោយដឹងថា ទណ្ឌិតរូបនេះ មានឈ្មោះ អាន វាសនា ភេទប្រុស អាយុ ៣៧ ឆ្នាំ ។

ទណ្ឌិតឈ្មោះ អាន វាសនា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគាកំណត់ ២០ ឆ្នាំ និង ពិន័យជាប្រាក់ចំនួន  ៤០ លានរៀល  សម្រាប់បង់ចូលថវិការដ្ឋ ។

គាត់ត្រូវបានជាប់ចោទពីបទ: រក្សាទុក និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន  មាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

គាត់ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៥ ខែសីហា ឆ្នាំ២០១៩ ។ សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ដកហូតបាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន គ្រាប់(WY) មាន ទម្ងន់១៧៧.៤៦ក្រាម និងអ៊ិចស្តាស៊ីគ្រាប់ និងម្សៅទម្ងន់ ១,៩៣៣.៩៦ក្រាម  សរុបមានទម្ងន់២.១១១ ក្រាម (ជាង២គីឡូក្រាម) ពីគាត់ ៕

ដោយ: លីហ្សា

To Top