ព័ត៌មានជាតិ

លោក ឡី សុភាព ជម្រុញឲ្យសមាជិក សមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា ត្រូវធ្វើវេទិកាពិគ្រោះយោបល់ និងផ្តល់ព័ត៌មានដល់ពលរដ្ឋ ទូទាំងរាជធានីខេត្ត

ភ្នំពេញ៖ លោកបណ្ឌិត ឡី សុភាព ប្រធានសមាគមសម្ពន្ធភាព អង្គការ-សមាគម​ និងវិស័យឯកជននៅកម្ពុជា និងជាប្រធានសមាគម សហព័ន្ធវិនិយោគិនកម្ពុជា បានជម្រុញឲ្យសមាជិក-សមាជិកា សមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា រៀបចំផែនការច្បាស់លាស់ ធ្វើការផ្សព្វផ្សាយ ពិគ្រោះយោបល់ដីធ្លី ទូទាំងរាជធានីខេត្ត ទៅដល់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយជនរងគ្រោះក្នុងវិស័យនេះ ។

ថ្លែងក្នុងឱកាសជួបចំណេះសំណាល និងអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា យុវជនសេដ្ឋកិច្ចផែនក្រៅប្រព័ន្ធ និងប្រកាសទទួលស្គាល់ សមាសភាពសមាគម និងបញ្ចូលសមាជិកសកម្ម សមាគមសហព័ន្ធវិនិយោគិនកម្ពុជា សមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា សមាគមសហព័ន្ធពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក សមាគមសម្ពន្ធភាពសកិកម្ម និងបរិស្ថានកម្ពុជា និងសមាគមសហព័ន្ធទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ លោកបណ្ឌិត ឡី សុភាព បានលើកឡើងថា “ក្រុមការងាររបស់យើងនេះ ត្រូវធ្វើការផ្សព្វផ្សាយ ពិគ្រោះយោបល់ដីធ្លី ទូទាំងរាជធានីខេត្ត ដោយមានការអញ្ជើញអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធចូលរួម ដើម្បីធ្វើការផ្សព្វផ្សាយច្បាប់ ព្រមទាំងគោលនយោបាយ របស់រាជរដ្ឋាភិបាល និងផ្តល់ព័ត៌មានមួយដែលត្រឹមត្រូវ ទៅដល់ប្រជាពលរដ្ឋ ទាក់ទងទៅនឹងដីធ្លីនិងសំណង់” ។

ការលើកឡើង របស់ប្រធានសមាគមបែបនេះ បន្ទាប់ពីលោកបានមើលឃើញថា បញ្ហាការទិញ-លក់ដីធ្លី (អចលនវត្ថុ) កើតមានជាបន្តបន្ទាប់ ដោយសារតែខ្វះចំណេះដឹង និងបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនិងវិស័យមួយនេះ ហើយមានមនុស្សជាច្រើន តាំងខ្លួនជាភ្នាក់ងារអចលនទ្រព្យ នឹងវាយតម្លៃដីធ្លី ទៅតាមម៉ាត់ និងចិត្តចង់បានរបស់ខ្លួន មិនស្របនឹងច្បាប់ ធ្វើឲ្យមានជនរងគ្រោះចាញ់បោក និងត្រូវខាតបង់ទ្រព្យសម្បត្តិជាដើម ។

លោកបណ្ឌិត ឡី សុភាព បន្តលើកឡើងទៀតថា “នរណាក៏ភ្នាក់ងារ ហើយមិនដែលឆ្លងកាត់សាលាសោះ ចុងបញ្ចប់ទាំងអ្នកលក់ដី ទាំងអ្នកទិញដី មានរឿងទាំងអស់ ។ អ្នកខ្លះជាប្រធានគម្រោង ជាអគ្គនាយកក្រុមហ៊ុន ប៉ុន្តែមិនដែលមើលច្បាប់។ អញ្ចឹងហើយបានយើងស្នើ ដល់រដ្ឋាភិបាល ឲ្យបង្កើតច្បាប់ស្តីពីសំណង់ ច្បាប់កិច្ចការពារអ្នកប្រើប្រាស់ ហើយនឹងរៀបចំប្រកាស អំពីការគ្រប់គ្រង់អាជីវកម្មអចលនវត្ថុ និងប្រកាសស្តីពីអភិវឌ្ឍន៍ដីឡើងវិញ ឲ្យស្រួលបួលដើម្បីឲ្យទៅជាបន្ទាត់មួយ” ។

ដើម្បីឲ្យមានកំណែរទម្រង់ឡើងវិញ លោកបណ្ឌិតឡី សុភាព បានឲ្យដឹងថា សមាគមនបានបណ្តុះបណ្តាលសមាជិក ប្រមាណជាង៥ពាន់នាក់ ដើម្បីធ្វើការដឹកនាំ បានប៉ុន្មានជំនាន់មកហើយ ព្រមទាំងបានរៀបចំបង្រៀន ឲ្យមានជំនាញវិជ្ជាជីវៈ ភ្នាក់ងារអចលនវត្ថុ ពេញលេញផងដែរ។ ក្នុងន័យនេះ ប្រធានសមាគមន បានបញ្ជាក់ថា ត្រូវទាមទារអ្នកមានចំណេះជំនាញពិតប្រាកដ បើមានជំនឿតែខ្វះចំណេះ ក៏ធ្វើទៅមិនបានដែរ ។

ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត ឡី សុភាព ក៏បានជម្រុញដល់សមាជិក-សមាជិការ ដែលគ្រប់អាយុបោះឆ្នោត ទៅចុះឈ្មោះ ដើម្បីត្រៀមចូលរួមបោះឆ្នោត​ នៅឆ្នាំ២០២៣ខាងមុខទាំងអស់គ្នា និងបានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ដែលបានប្រមាថដល់អង្គព្រះមហាក្សត្រផងដែរ។

គួរឲ្យដឹងថា ក្នុងឱកាសនោះដែរ សមាគម ក៏មានការប្រគល់ និងអានជូន នូវសេចក្តីសម្រេចស្តីពីការយល់ព្រម បញ្ចូលសមាជិកសកម្មសមាគម សហព័ន្ធវិនិយោគិនកម្ពុជា, សេច្តីសម្រេចស្តីពីការតែងតាំង សមាសភាពគណៈកម្មការ អភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍, សេចក្តីសម្រេចស្តីពីការតែងតាំង សមាសភាពគណៈកម្មការផ្សព្វផ្សាយពិគ្រោះយោបល់ អភិវឌ្ឍន៍ដីធ្លីនិងសំណង់​, សេចក្តីសម្រេចស្តីពីការតែងតាំង សមាសភាពគណៈកម្មការស្ត្រី ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍, សេចក្តីសម្រេចស្តីពីការតែងតាំង សមាសភាពគណៈកម្មការ ប្រតិបត្តិសមាគមសហព័ន្ធពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកកម្ពុជា, សេចក្តីសម្រេចស្តីពីការយល់ព្រម បញ្ចូលសមាជិកសកម្មសមាគម សហព័ន្ធទេសចរណ៍ និងបដិសណ្ឋាកិច្ចកម្ពុជា និងសេចក្តីសម្រេចស្តីពីការតែងតាំង សមាសភាពគណៈកម្មការ ប្រតិបត្តិសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី ដែលមានសមាជិកសមាជិការ ប្រមាណជិត១ពាន់នាក់ចូលរួម៕

To Top