ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ ការជ្រើសរើស នគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំ សង្កាត់ មិនបាច់ប្រឡងឡើយ គ្រាន់តែសម្ភាសន៍ប៉ុណ្ណោះ (Video)

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការជ្រើសរើសមន្ដ្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំ សង្កាត់ មិនបាច់ប្រឡងឡើយ គ្រាន់តែសម្ភាសន៍ប៉ុណ្ណោះ គឺសម្ភាសន៍តាមរយៈមេឃុំ និងមេប៉ុសិ៍្ដ។

ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៥ ខេត្តបាត់ដំបង នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ សម្ដេច ស ខេង បានថ្លែងថា បន្ទាប់ពីឆ្លងកាត់នីតិវិធីជ្រើសរើសដោយតម្លាភាព និងយុត្តិធម៌ហើយនោះ គឺត្រូវឆ្លងកាត់ការពិនិត្យសុខភាព ពិសេសពិនិត្យទឹកនោមរកសារធាតុញៀន។

សម្ដេច បញ្ជាក់ថា «មកដល់ឥលូវនេះ យើងចាត់ទុកការជ្រើសរើសនគរបាលដោយសម្ភាសន៍មានប្រយោជន៍ និងប្រសិទ្ធភាពសម្រាប់ការជ្រើសរើសមន្រ្តីនគរបាលប៉ុស្តិ៍ធ្វើការនៅឃុំកំណើត។ អ៊ីចឹងខ្ញុំស្នើ ហើយក្រសួងបានណែនាំហើយថា មិនបាច់ប្រឡងទេ ប៉ុន្តែគឺសម្ភាសន៍។ អ្នកទទួលបន្ទុកសម្ភាសន៍នោះ គឺមេឃុំ សង្កាត់ និងមេប៉ុស្តិ៍ប៉ូលិសជាអ្នកសម្ភាសន៍ទៅតាមសំណួរដែលនាយកដ្ឋានបុគ្គលិករបស់ក្រសួងបានដាក់ឱ្យ ហើយសម្ភាសន៍កូនចៅរបស់ប្រជាពលរដ្ឋនៅឃុំសង្កាត់ហ្នុងតែម្ដង»។

លើសពីនេះ សម្ដេច ក៏បានសង្កត់ធ្ងន់ថា បន្ទាប់ពីបានជាប់ជានគរបាលជាតិហើយនោះ ការផ្ទេរចេញរបស់មន្រ្តីនគរបាលនោះ គឺត្រូវឆ្លងកាត់ការសម្រេចពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ សម្ដេចបន្ថែមថា «បើគាត់ជាអ្នកនៅមូលដ្ឋាននោះ គឺឪពុកម្ដាយគាត់ ក្រុមគ្រួសារគាត់នៅទីនោះស្រាប់ ក្ដាប់បានភូមិសាស្រ្ត ចិត្តសាស្រ្តប្រជាពលរដ្ឋក្នុងឃុំនោះស្រាប់»។

ឆ្លៀតឱកាសនោះ សម្ដេច ស ខេង បានលើកឡើងអំពីប្រធានបទពាក់ព័ន្ធនឹងគ្រឿងញៀន ការជួញដូរមនុស្ស ការលេងល្បែងស៊ីសង ពិសេសល្បែងអនឡាញ លំហូរចូលជនបរទេស មកធ្វើការងារដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ។ ពាក់ព័នឹងជនបរទេស ឬហត្ថពលកម្មដែលចូលមកធ្វើការនៅកម្ពុជាដោយខុសច្បាប់ សម្ដេច បញ្ជាក់ទៀត ក្រសួងមហាផ្ទៃ និងក្រសួងពាក់ព័ន្ធ នឹងសិក្សាបង្កើនប្រាក់ផាកពិន័យទាំងបុគ្គល និងក្រុមហ៊ុនដែលទទួលជនទាំងនោះមកធ្វើការ ប្រសិនបើរកឃើញពាក់ព័ន្ធនឹងបទល្មើសនេះ៕

To Top