ភ្នំពេញ ៖ អង្គគណៈរដ្ឋមន្រ្តី បានសម្រេចអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់ រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២។ ការរអនុម័តនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា «កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រេះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២»។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ បង្ហាញពីការសម្រេចបាននូវសមិទ្ធផលការងារសំខាន់ៗ ក្នុងការអនុវត្តគោលនយោបាយ និងវិធានការពាក់ព័ន្ធនានា ក្នុងក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច និងក្របខ័ណ្ឌថវិកាឆ្នាំ២០២១ ដូចជា៖ លទ្ធផលនៃការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសកលលោក និងតំបន់បន្តវិវត្តយ៉ាងលឿន ដែលបង្កឡើង ដោយសារការបំប្លែងខ្លួនថ្មីៗជាច្រើនប្រភេទនៃវីរុសកូវីដ-១៩ ក្នុងនោះ មេរោគដែលតា ដែលមានសមត្ថភាពចម្លងខ្ពស់ និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជនកាន់តែខ្លាំងជាងមុន ហើយបានដាក់ចេញនូវវិធានការបិទខ្ទប់ និង វិធានការរដ្ឋបាលរឹតត្បិតយ៉ាងបន្ទាន់។
លើសពីនេះ នៅក្នុងការលំបាកនេះ នយោបាយអាទិភាពរាជរដ្ឋាភិបាលបានតម្កល់គុណតម្លៃនៃសិទ្ធិរស់រានមានជីវិតរបស់ ប្រជាពលរដ្ឋគ្រប់រូបជាចម្បងពោលគឺការកំណត់យកនូវការប្រយុទ្ធការពារអាយុជីវិត និងការរក្សាលំនឹងជីវភាព ប្រជាជនជាអាទិភាពខ្ពស់បំផុត ទន្ទឹមនឹងការគាំទ្រនិងរក្សាលំនឹងសកម្មភាពសេដ្ឋកិច្ចប្រកបដោយចីរភាព។ កម្ពុជារក្សាបានល្អនូវលំនឹងជីវភាពប្រជាជន និងស្ថិរភាពសង្គម ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងស្ថិរភាពហិរញ្ញវត្ថុ និងការ បន្តជំរុញការអនុវត្តការកែទម្រង់រចនាសម្ព័ន្ធក្នុងលក្ខណៈបន្ទាន់នៅតាមការដ្ឋានចាំបាច់នានា៕
