ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន នឹងជួបប្រធានាធិបតី អ៊ុយក្រែន តាមទូរសព្ទ នៅថ្ងៃទី១ វិច្ឆិកា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២២ បានប្រកាសថា សម្តេចនឹងជួបសន្ទនា តាមទូរសព្ទ ជាមួយលោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ ដោយពិភាក្សាលើកិច្ចការមួយចំនួនពាក់ព័ន្ធ កិច្ចសហប្រតិបត្តិក្របខ័ណ្ឌអាស៊ាន និងអ៊ុយក្រែន។

ការប្រកាសនេះ ស្របពេលដែលស្ថានភាព នៅក្នុងប្រទេសអ៊ុយក្រែន នៅមិនទាន់មានភាពធូរស្រាលណាមួយ នៅឡើយទេ ចាប់តាំងពី រុស្ស៊ី បើកការវាយប្រហារ លុកលុយ លើប្រទេសនេះ ចាប់តាំងពីខែកុម្ភៈ មកដល់បច្ចុប្បន្ន រហូតដល់មានការគំរាមប្រើប្រាស់ អាវុធនុយក្លេអ៊ែរ ផងដែរ។

ថ្លែងក្នុងឱកាស អញ្ជើញផ្ដល់ស្រូវពូជនិងគ្រឿងឧបភោគបរិភោគ ជូនដល់ប្រជាពលរដ្ឋចំនួនជាង ៦ពាន់គ្រួសារ នៅខេត្តកំពង់ធំ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ឥឡូបានការបញ្ជាក់ជាមួយគ្នាហើយ គឺនៅថ្ងៃទី១ ខែវិច្ឆិកា ខាងមុខនេះ ខ្ញុំនឹងជួបប្រធានាធិបតី អ៊ុយក្រែន ពិភាក្សាគ្នាតាមទូរសព្ទ»។

សម្ដេចបញ្ជាក់ថា «ដោយសារឆ្នាំនេះយើង គឺជាប្រធានអាស៊ាន គាត់​ក៏ចង់មានទំនាក់ទំនង ចឹង​គាត់ស្នើធ្វើឱ្យមានទំនាក់ទំនង ហើយរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន និងអេស្ប៉ាញ អាចមកចុះហត្ថលេខាលើកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការអាស៊ីអាគ្នេយ៍»។

សម្ដេចអះអាងថា នេះគឺជាមូលហេតុ ដែលត្រូវជួបពិភាក្សាការងារ តាមទូរសព្ទ ជាមួយលោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន ។

ឆ្លៀតក្នុងឱកាស សម្ដេចតេជោ ហ៊ុន សែន ក៏បានឱ្យដឹងផងដែរថា សម្ដេចក៏បានអញ្ជើញ លោក ពូទីន ប្រធានធិបតីរុស្ស៊ី មកចូលរួមប្រជុំអាស៊ាន នៅទីរាជធានីភ្នំពេញផងដែរ​ ប៉ុន្តែមិនទាន់មានការឆ្លើយតបនៅឡើយ។

ចំណែកប្រធានាធិបតីអ៊ុយក្រែន ក៏សុំឱ្យមានការសន្ទនា ជាមួយប្រធានអាស៊ាន តាមរយៈទូរសព្ទ ផងដែរ៕

To Top