ព័ត៌មានជាតិ

សម្តេចតេជោ ប្រាប់ប្រធានាធិបតីអ៊ុយក្រែនថា គ្មានសង្គ្រាមណាមួយអាចបញ្ចប់បាន ដោយប្រើប្រាស់ សង្គ្រាមនោះទេ

ភ្នំពេញ៖ ដូចជាការគ្រោងទុក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាតាមទូរស័ព្ទ ពាក់ព័ន្ធសង្គ្រាមនៅអ៊ុយក្រែន ជាមួយប្រធានាធិបតីអ៊ុយក្រែន ដោយក្នុងជំនួបនោះ សម្តេចបានប្រាប់ថា គ្មានសង្គ្រាមណាមួយអាចបញ្ចប់ បានដោយកាប្រើប្រាស់សង្គ្រាមនោះទេ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបទេសខ្មែរ បានឲ្យដឹងថា ជំនួបតាមទូរស័ព្ទរវាងសម្តេចតេជោ និងលោក វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី (Volodymyr Zelensky) ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ចាប់ផ្តើមវេលាម៉ោង១៦ (ម៉ោងនៅកម្ពុជា) ។

ជាកិច្ចចាប់ផ្តើមលោកប្រធានាធិបតី បានសម្តែងការពេញចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកម្ពុជាដែលបានគាំទ្រ និងបានចូលជាសហស្ថាបនិក សេចក្តីសម្រេចចិត្តរបស់ មហាសន្និបាតអង្គការសហប្រជាតិ និងជំហរជាក់លាក់របស់កម្ពុជា ពាក់ព័ន្ធនឹងសង្គ្រាមអ៊ុយក្រែន។

ចំណែកសម្តេចតេជោ មានសេចក្តីសោមនស្សរីករាយ ដែលបានជួបតាមប្រព័ន្ធទូរស័ព្ទ ជាមួយប្រធានាធិបតីអ៊ុយក្រែន និងបានសម្តែងការសោកស្តាយ ចំពោះសោកនាដកម្មបាននិងកំពុង កើតឡើងនៅអ៊ុយក្រែនផងដែរ។

សម្តេចតេជោ ក៏បានសម្តែងក្តីបារម្ភចំពោះ ការវាយប្រហារថ្មីៗទៅលើទីក្រុងកៀវ និងទីក្រុងផ្សេងៗក្នុងប្រទេសអ៊ុយក្រែន ដែលបណ្តាលឲ្យមាន ការបាត់បង់ជីវិតប្រជាជន ការរងរបួសជាច្រើន និងខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដាច់ចរន្តអគ្គិសនី និងទឹកស្អាតយ៉ាងធ្ងន់ធ្ងរ ហើយបណ្តាលឲ្យមានវិបត្តិថាមពល និងស្បៀងអាហារធ្ងន់ធ្ងរ ព្រមទាំងអតិផរណាកើនឡើង នៅទូទាំងសកលលោក។

សម្តេចតេជោក៏បានប្រាប់ លោកប្រធានាធិបតីអ៊ុយក្រែនថា តាមបទពិសោធន៍ ដែលកម្ពុជាបានឆ្លងកាត់ និងបានសង្កត់ធ្ងន់ថា តាមបទពិសោធន៍ដែលកម្ពុជាបានឆ្លងកាត់ និងការស្វែងយល់របស់សម្តេច ផ្ទាល់បានបង្ហាញថា គ្មានសង្គ្រាមណាមួយអាចបញ្ចប់ បានដោយប្រើប្រាស់សង្គ្រាមនោះទេ។

សម្តេចតេជោនាយកដ្ឋមន្ត្រីបញ្ជាក់ថា «កម្ពុជាផ្តល់សារសំខាន់ដល់ការចរចា និងដំណោះស្រាយដោយ សន្តិវិធី និងសង្ឃឹមថា ភាគីពាក់ពន្ធ័ទាំងអស់នឹងខិតខំ រកដំដោះស្រាយគ្រប់ជ្រុងជ្រោយ ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដើម្បីអ៊ុយក្រែនទទួលបាន មកវិញនូវសុខសន្តិភាព ស្ថិរភាព បូរណភាពទឹកដី និងការអភិវឌ្ឍ»។

ជាមួយគ្នានេះផងដែរ សម្តេចតេជោនាយកដ្ឋមន្ត្រី បាន បញ្ជាក់អំពីជំហររបស់កម្ពុជា ចំពោះសង្គ្រាមនៅអ៊ុយក្រែនថា កម្ពុជាប្រកាន់ខ្ជាប់នូវការគោរព គោលការណ៍ដែលមានចែង ក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ប្រឆាំងនឹងការឈ្លានពានការគំរាម ឬការប្រើប្រាស់កម្លាំងលើអធិបតេយ្យភាព បូរណភាពដែនដីរបស់រដ្ឋឯករាជ្យ និងមិនគាំទ្រដល់ការ បំបែករដ្ឋ ឬការទន្ទ្រានយកទឹកដី ពីប្រទេសដទៃឡើយ។

សម្តេចតេជោនាយកដ្ឋមន្ត្រី បានលើកឡើងផងដែរថា ដោយសហការជាមួយជប៉ុន កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការបញ្ជូនអ្នកដោះមីនរបស់កម្ពុជា ទៅជួយបណ្តុះបណ្តាល ដល់អ្នកដោះមីនរបស់អ៊ុយក្រែន តាមពេលវេលាសមស្រប។ ពាក់ពន្ធ័និងទំនាក់ទំនងទ្វេភាគី សម្តេចតេជោនាយកដ្ឋមន្ត្រី បានថ្លែងអំណរគុណអ៊ុ យ ក្រែនដែលបានជួយគាំទ្រ និងឧបត្ថម្ភទទួលយកនិស្សិតកម្ពុជា ក្នុងកំឡុងទស្សវត្សរ៍៨០ ។

សម្តេចតេជោនាយកដ្ឋមន្ត្រី ក៏ធ្លាប់បានអញ្ជើញទៅទស្សនកិច្ច នៅអ៊ុយក្រែនកាលពីឆ្នាំ១៩៨១ ផងដែរ។ ពាក់ពន្ធ័និងទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ សម្តេចតេជោនាយកដ្ឋមន្ត្រី បានស្នើប្រទេសទាំងពីរតែងតាំង និងផ្លាស់ប្តូរឯកអគ្គរាជទូត/អគ្គរដ្ឋទូត ទៅវិញទៅមក។

សម្រាប់ លោក ហ្ស៊ែលឡិនស្គី បានថ្លែងអំណរគុណ និង ស្វាគមន៍ចំពោះកម្ពុជាដែលមានបំណង ផ្តល់ជំនួយខាងដោះមីននេះ។ ប្រធានាធិបតី បានឯកភាពចំពោះការតែងតាំង ឯកអគ្គរាជទូត/អគ្គរដ្ឋទូត ទៅវិញទៅមក។

ពាក់ពន្ធ័នឹងកិច្ចការអាស៊ាន ប្រធានាធិបតី ហ្ស៊ែលឡិនស្គី បានកត់សម្គាល់ដោយការពេញចិត្តនិងបានថ្លែង អំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះសេចក្តីថ្លែងការណ៍ ទាំងបីរបស់អាស៊ាន គាំទ្រដល់អ៊ុយក្រែន និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ចំពោះសំណើអ៊ុយក្រែន សុំចូលជាភាគីនៃសន្ធិសញ្ញា មិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅអាស៊ីអាគ្នេយ៍ (TAC) ។

លោកប្រធានាធិបតី បានស្នើសុំថ្លែងសន្ទកថា តាមប្រព័ន្ធវីដេអូក្នុងពេលកិច្ចប្រជុំអាស៊ាន និងបញ្ជាក់ពីបំណងរបស់អ៊ុយក្រែន ក្នុងការចូលជាដៃគូសន្ទនា តាមវិស័យរបស់អាស៊ាន (ASEAN Sectoral Dialogue Partner) ផងដែរ។

ជាការឆ្លើយតប សម្តេចតេជោនាយកដ្ឋមន្ត្រី បានជម្រាបថា កម្ពុជានឹងបន្តធ្វើការងារជាមួយ ប្រទេសសមាជិកអាស៊ានផ្សេងទៀត ដើម្បីឆ្លើយតបនឹងបំណងរបស់អ៊ុយក្រែន ក្នុងការចូលជាដៃគូសន្ទនាតាមវិស័ យរបស់អាស៊ាននេះ ៕

To Top