កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ និងពន្លឿនការសាងសង់វិមានឯករាជ្យខេត្តកំពង់ចាម ដើម្បីរៀបចំសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខនេះ ។

សូមបញ្ជាក់ថា វិមានឯករាជ្យខេត្តកំពង់ចាម ស្ថិតនៅក្នុងភូមិទី ៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម បានចាប់ដំណើការសាងសង់ កាលពីថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២១ ។ ការសាងសង់រហូតមកដល់ពេលនេះ គឺសម្រេចបានលទ្ធផល ស្ទើរតែ ១០០% ហើយ ។

ពាក់ព័ន្ធនឹងការស្ថាបនាវិមានឯករាជ្យខេត្តកំពង់ចាមនេះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ធ្លាប់ប្រាប់ឲ្យដឹងថា ការរៀបចំសាងសង់វិមានឯករាជ្យនេះឡើង ដើម្បីជាកន្លែងប្រារព្ធពិធីរំលឹក ខួបអនុស្សាវរីយ៍បុណ្យឯករាជ្យជាតិ និងជាការរំលេចនូវស្នាដៃជាប្រវត្តិសាស្រ្ត នៃការអបអរសាទរ បុណ្យឯករាជ្យជាតិ ក្រោមព្រះរាជបូជនីយកិច្ច ពីសំណាក់ព្រះបរមរតនកោដ្ឋ បានទាមទារឯករាជ្យពីអាណានិគមបារាំង និងបន្សល់ទុកស្នាដៃជាប្រវត្តិសាស្រ្ត ដល់ប្រជាពលរដ្ឋរបស់យើង និងកូនចៅជំនាន់ក្រោយ ។

ម្យ៉ាងទៀត សំណង់វិមានឯករាជ្យមួយនេះ ក៏ជាការចូលរួមចំណែក លើកកម្ពស់សោភ័ណភាពក្នុងក្រុងកំពង់ចាម មួយផ្នែកធំផងដែរ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅពេលដែលមកកំសាន្តនៅខេត្តកំពង់ចាម ពួកគាត់អាចមកទស្សនាវិមានឯករាជ្យ ដែលមានលម្អទៅដោយសួនច្បារ និងភ្លើងពណ៏លើកកម្ពស់សោភ័ណភាព ក្នុងក្រុងកំពង់ចាម នឹងសម្រាប់ឈានទៅប្រកួតប្រជែងទីក្រុងស្អាត នាពេលខាងមុខ៕
