ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានបង្ហាញនាឡិកាដៃចំនួន ២៥គ្រឿង សម្រាប់ជាវត្ថុអនុស្សាវរីយ៍ ផ្ដល់ជូនប្រធានគណៈប្រតិភូ អញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសកម្ពុជា នាពេលខាងមុខ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា «មុននេះ ខ្ញុំបាននិយាយថា កម្ពុជាបានផលិតនាឡិកាដៃចំនួន ២៥គ្រឿង សម្រាប់ជាវត្ថុអនុស្សាវរីយ៍ ជូនប្រធានគណៈប្រតិភូ ដែលអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជា ឆ្នាំ២០២២»។
សម្ដេចតេជោ បន្ដថា នាឡិកានេះ ត្រូវបានរៀបចំផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរសុទ្ធសាធ ដែលជាផ្នែកមួយ នៃការរីកចំរើនខាងវិទ្យាសាស្រ្ត និងបច្ចេកទេសរបស់កម្ពុជា(ខ្មែរធ្វើបាន)។
សូមរំលឹកថា កម្ពុជា នឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ផ្ដើមថ្ងៃទី៨-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខ ហើយដោយកិច្ចប្រជុំនេះ នឹងមានថ្នាក់ដឹកនាំកំពូលពិភពលោក និងស្ថាប័នអន្តរជាតិជាច្រើនចូលរួមផងដែរ៕





