ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា បញ្ហាបទល្មើសជួញដូរមនុស្សគឺមិនអាចប្រទេសណាមួយ អនុវត្តតែម្នាក់ឯងនោះឡើយដោយទាមទារឱ្យមានកិច្ចសហប្រតិបត្តិការ ទាំងក្នុងកម្រិតតំបន់ និងសកលលោក។

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេច ស ខេង នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោក W. Patrick Murphy បានកត់សម្គាល់ឃើញថា មួយរយៈនេះ មានបទល្មើសមួយចំនួនបានកើតឡើង ជាពិសេសពាក់ព័ន្ធទៅនឹង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ធ្វើឱ្យប្រជាពលរដ្ឋនៃ ប្រទេសមួយចំនួន ត្រូវចាញ់បោកឧក្រិដ្ឋជន នាំមកឆ្លងដែនចូលមកកម្ពុជា ដោយខុសច្បាប់។
លោកទូត ក៏បានកោតសរសើរចំពោះ ជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយនូវបញ្ហា ដ៏មានសារៈសំខាន់នេះ។ លោកថា អាមេរិកត្រៀមខ្លួនផ្ដល់ កិច្ចសហការលើការងារនេះ ខណៈអាមេរិក ក៏កំពុងតែធ្វើការនេះជាមួយ អន្តរក្រសួងផ្សេងទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាការឆ្លើយតប សម្ដេច ស ខេង បានថ្លែងអំណរគុណចំពោះការបង្ហាញនូវឆន្ទៈរបស់អាមេរិក ក្នុងកិច្ចសហការលើការងារប្រយុទ្ធប្រឆាំងនឹង អំពើជួញដូរមនុស្ស។ សម្ដេច ថា នៅក្នុងក្របខ័ណ្ឌនៃឆន្ទៈនយោបាយ គឺរដ្ឋាភិបាលកម្ពុជាពុំមានអ្វីប្រែប្រួលនោះទេចំពោះការប្ដេជ្ញាចិត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសនេះ។
សម្ដេច បញ្ជាក់ថា គឺបច្ចុប្បន្ននេះ ទម្រង់នៃអំពើជួញដូរមនុស្សមានការវិវឌ្ឍប្រែប្រួលដោយសារតែ មានការផ្សារភ្ជាប់ទៅនឹងការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ ក៏ដូចជាបច្ចេកវិទ្យាព័ត៌មានក្នុងការប្រព្រឹត្តបទល្មើស។ ស្របពេលគ្នានៃការដំណើរការ នៃយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងអំពើជួញដូរមនុស្ស រាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុវត្តនូវកិច្ចការសំខាន់សំខាន់មួយចំនួនទៀតដែល រួមមាន៖ ការប្រយុទ្ធប្រឆាំងល្បែងស៊ីសងខុសច្បាប់ ទាំងអនឡាញ និងមិនអនឡាញ ការធ្វើអធិការកិច្ចហត្ថពលកម្មបរទេស និងការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់។

សម្ដេច ស ខេង បានបញ្ជាក់ទៀតថា «បញ្ហាបទល្មើសជួញដូរមនុស្សនេះ គឺមិនអាចប្រទេសណាមួយ អនុវត្តតែម្នាក់ឯងនោះឡើយ តែទាមទារឱ្យមានកិច្ច សហប្រតិបត្តិការទាំងក្នុងកម្រិតតំបន់ និងសកលលោក ជាពិសេសគឺរវាងកម្លាំងអនុវត្តច្បាប់។ កន្លងមកក៏មានការផ្សព្វផ្សាយ ដាក់បន្ទុកមកលើកម្ពុជា អំពីបញ្ហានេះ ក៏ប៉ុន្តែជាក់ស្ដែងកិច្ចការងារនេះ ទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ទាំងនៅប្រទេសគោលដៅ រួមទាំងកម្ពុជា និងទាំងនៅប្រទេសដែលមានពលរដ្ឋរបស់ខ្លួនជាជនរងគ្រោះ»។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតអាមេរិក បានឯកភាពចំពោះការលើកឡើងរបស់ សម្ដេច ស ខេង ថា បញ្ហាអំពើជួញដូរមនុស្សនេះ គឺជាបញ្ហាសកល ហើយទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងជាសកលផងដែរ ដើម្បីដោះស្រាយនូវបញ្ហានេះ៕
