ព័ត៌មានជាតិ

អនុប្រធានគណបក្ស ភ្លើងទៀន ក្រុងបាវិត និងសមាជិក៣នាក់ទៀត ចូលរួមជីវភាព នយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា

ស្វាយរៀង ៖ លោក  អ៊ុយ ថន ប្រធានគណៈប្រចាំការ គណបក្សខេត្ត តំណាង លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញប្រកាសបញ្ចូល សមាជិកបក្សថ្មី ចំនួន៤នាក់ មកពីគណបក្សភ្លើងទៀន ក្នុងនោះមានម្នាក់ ដែលជា អនុប្រធានគណបក្សភ្លើងទៀន ប្រចាំក្រុងបាវិតផងដែរ ដើម្បីចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន កម្ពុជាសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

លោក លឹម សៀងហេង ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាក្រុងបាវិត និងជាប្រធានក្រុមការងារ ចុះជួយសង្កាត់បាវិត ខេត្តស្វាយរៀង បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសមាជិកថ្មីចំនួន៤នាក់ ដែលបានចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជា។  ទាំងនេះគឺជាការសម្រេចចិត្ត ដ៏ត្រឹមត្រូវ ពីព្រោះគណក្សប្រជាជនកម្ពុជា ជាបក្សនយោបាយ ដែលបានសាងស្នាដៃជាច្រើន សម្រាប់សង្គមជាតិ និងមានគោលនយោបាយ ច្បាស់លាស់ក្នុងការកសាងជាតិ ។

ជាមួយគ្នានេះ លោក អ៊ុយ ថន បានថ្លែងនូវការផ្តាំផ្ញើ ការសាកសួរសុខទុក្ខ ពីសំណាក់លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយខេត្តស្វាយរៀង លោក លី ធុជ ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយក្រុងបាវិត ដែលលោកតែង តែនឹករលឹក ដល់សមាជិក-សមាជិកា គណបក្សទូទាំងខេត្តស្វាយរៀង ទីណាមានទុក្ខលំបាក តែងតែមានវត្តមានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយជានិច្ច។

លោកបានបន្ដទៀតថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយ ចាស់ទុំជាងគេ មានធនធាន មនុស្សគ្រប់គ្រាន់ មានរចនាសម្ពន្ធរឹង មាំគ្រប់លំដាប់ថ្នាក់ ជាពិសេសមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ប្រកបដោយភាពជឿជាក់ បានធ្វើឲ្យប្រទេស ជាតិ មានសន្តិភាពពេញផ្ទៃ ប្រទេស មានការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យ ពីទីក្រុងរហូតដល់ទីជនបទ។

លោកបានណែនាំដល់ សមាជិកបក្ស ដែលទើបតែបញ្ចូលថ្មីត្រូវគាំទ្រប្ដូរផ្ដាច់ និងកៀរគរមិត្តភក្តិ បងប្អូនឲ្យមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា បន្ថែមទៀត គឺពង្រឹងចាស់ ពង្រីកថ្មី ដើម្បីឈានយកជ័យជម្នះលើការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ ដែលឈានចូលមក ដល់នាពេលខាងមុខនេះ។

ជាមួយគ្នានេះ លោកក៏បានលើកឡើង អំពីការអភិវឌ្ឍនៅខេត្តស្វាយរៀង ក៏ដូចជាក្រុងបាវិត មានរោងចក្រសហគ្រាសជាច្រើន ដែលអាចស្រូប យកកម្មករ-កម្មការិនី មកបម្រើការងាររាប់ម៉ឺននាក់ ដោយមិនចាំ បាច់ចំណាកស្រុកនោះទេ ហើយនៅពេលខាងមុខនេះ មានរោងចក្រដែលទើបតែបង្កើតថ្មី ត្រូវការកម្មកររាប់ម៉ឺននាក់ បន្ថែមទៀតផងដែរ ។

សូមបញ្ជាក់ថា ក្រុមការងារគណបក្សភ្លើងទៀន ក្រុងបាវិត បានស្នើរសុំចូលរួមជីវភាព ជាមួយគណបក្សប្រជាជនចំនួន ៤ នាក់
១ លោក យិន វ៉ាន់ឌឿន អនុប្រធាន
២ លោក យិន វណ្ណឌី សមាជិក
៣ លោក ឡឹក យ៉េន សមាជិក
៤ លោក សួស សុភ័ក្រ៕

To Top