ភ្នំពេញ៖ លោក ឆាយ សុផល អ្នកនិពន្ធសៀវភៅ នាសប្តាហ៍នេះ បានប្រគល់សៀវភៅចំនួនពីរប្រភេទជាភាសាអង់គ្លេស ជូនលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដើម្បីទុកចែកជូនភ្ញៀវ និងអ្នកសារព័ត៌មានបរទេស ដែលនឹងមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ – ១៣ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។
បើតាមការបញ្ជាក់ពីអ្នកនិពន្ធ ឆាយ សុផល បានឱ្យដឹងថា សៀវភៅទាំងពីរប្រភេទនោះរួមមាន៖ ចំណងជើងទី១ «Hun Sen – War and Peace in Cambodia and Southeast Asia» ប្រែជាភាសាខ្មែរថា «ហ៊ុន សែន – សង្រ្គាមនិងសន្តិភាពនៅកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍» និងចំណងជើងទី២ «The Prime Minister’s Eldest Son – Journey Towards Turn – Hun Manet» ប្រែជាភាសាខ្មែរថា «កូនប្រុសច្បងនាយករដ្ឋមន្រ្តី – ដំណើរឆ្ពោះទៅបន្តវេន – ហ៊ុន ម៉ាណែត»។
អ្នកនិពន្ធ ឆាយ សុផល បន្តថា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បន្ទាប់ពីបានទទួលសៀវភៅរួចមក លោកក៏បានប្រគល់ជូនអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នៃក្រសួងព័ត៌មាន សម្រាប់ចាត់ចែងក្នុងការចែកជូនភ្ញៀវនិងអ្នកសារព័ត៌មានបរទេស ដើម្បីឱ្យពួកគេបានដឹងបន្ថែមនិងស៊ីជម្រៅពីប្រវត្តិថ្នាក់ដឹកនាំប្រទេសកម្ពុជា ក៏ដូចជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តមួយចំនួនពាក់ព័ន្ធនឹងសង្រ្គាមនិងសន្តិភាពនៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
មានប្រសាសន៍នៅក្នុងពិធីទទួលសៀវភៅកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ នៅឯទីស្តីការក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានលើកឡើងថា សៀវភៅនេះពិតជាមានសារសំខាន់ និងមានប្រយោជន៍សម្រាប់ទុកជូនភ្ញៀវអន្តរជាតិនៅក្នុងកិច្ចប្រប្រជុំកំពូលអាស៊ានខាងមុខនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សូមបញ្ជាក់ថា លោករដ្ឋមន្រ្តីក៏ធ្លាប់រម្លឹកដែរថា កន្លងមក សៀវភៅអំពីខ្មែរជាភាសាបរទេសមានតែជន បរទេសប៉ុណ្ណោះជាអ្នកសរសេរ ប៉ុន្តែថ្មីៗនេះ ខ្មែរក៏អាចសរសេរសៀវភៅពីខ្មែរជាភាសាបរទេសឱ្យបរទេសអានបានដែរ ដែលជារឿងគួរឱ្សកោតសរសើរ និងមោទនភាព ហើយលោកក៏បានលើកទឹកចិត្តអ្នកនិពន្ធខ្មែរឱ្យខិតខំបន្តកិច្ចការសំណេររបស់ខ្លួនបន្ថែមទៀត។