ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធី ចុះហត្ថលេខាឯកសារចំនួន១១ រវាងប្រទេសទាំងពីរ ។
ឯកសារទាំង១១នោះរួមមាន៖
១៖ អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីប្រភេទ និងបរិមាណយានយន្តពាណិជ្ជកម្ម ដើម្បីអនុវត្តកិច្ចព្រមព្រៀង និងពិធីសាររវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ការដឹកជញ្ជូនតាមផ្លូវគោក។ ចុះហត្ថលេខាដោយ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងលោក ង្វៀន វ៉ាន់ថាំង រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម។
២៖ អនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម លើកិច្ចសហប្រតិបត្តិការវិស័យកសិកម្ម ។
ចុះហត្ថលេខាដោយ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក ង្វៀន ហ័ងហៀប អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ។
៣៖ កិច្ចព្រមព្រៀងពាណិជ្ជកម្ម តាមព្រំដែនរវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គម និយមវៀតណាម។
៤៖ កិច្ចអនុវត្តរួមគ្នារវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីកិច្ចប្រតិបត្តិការរដ្ឋបាលរួមគ្នា ក្រោមក្របខណ្ឌនៃមាត្រា ៥៦(១)(ក) នៃបទប្បញ្ញត្តិរបស់គណៈកម្មាធិការ ដែលទទួលបានប្រតិភូកម្មអំណាច (សហភាពអឺរ៉ុប) ២០១៥/២៤៤៦ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ បំពេញបន្ថែមបទប្បញ្ញត្តិ (សហភាពអឺរ៉ុប) លេខ ៩៥២/២០១៣ នៃសភា និងក្រុមប្រឹក្សាអឺរ៉ុប ទាក់ទងទៅនឹងវិធានលម្អិត ស្តីពីបទប្បញ្ញត្តិជាក់លាក់នៃក្រមគយរបស់សហភាព សម្រាប់គ្រឿងបង្គុំ និងផ្នែករបស់ទោចក្រយាន។
៥៖ កិច្ចអនុវត្តរួមគ្នា រវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីកិច្ចប្រតិបត្តិការ រដ្ឋបាលរួមគ្នាអនុលោមតាមផ្នែក ១៨(៣)(ខ) នៃបទប្បញ្ញត្តិគយ២០២០ (ដើមកំណើតទំនិញដែលអាចគិតពន្ធ៖ គម្រោងអនុគ្រោះពន្ធ) (ការចាកចេញពីសមាជិកភាព នៃសហភាពអឺរ៉ុប) សម្រាប់គ្រឿងបង្គុំ និងផ្នែករបស់ទោចក្រយាន។
ឯកសារទី៣ ៤ និង៥ ចុះហត្ថលេខាដោយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោក ង្វៀន ហុងឌីន រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ។
៦៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា និង វិទ្យុសំឡេងវៀតណាម នៃសាធារណរដ្ឋសង្គមនិយម វៀតណាមស្ដីពីកិច្ចសហប្រតិបត្តិការវិទ្យុ និងទូរទស្សន៍ សម្រាប់ឆ្នាំ២០២២–២០២៥។ ចុះហត្ថលេខាដោយ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោក ដូ ទៀនស៊ី អគ្គនាយក នៃវិទ្យុសំឡេងវៀតណាម។
៧៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងព័ត៌មាន និងគមនាគមន៍ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីការធ្វើសហប្រតិបត្តិការ លើវិស័យប្រៃសណយ៍ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងបរិវត្តកម្មឌីជីថល។ ចុះហត្ថលេខាដោយ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង លោក ង្វៀន មាញ់ហ៊ុង រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងគមនាគមន៍ ។
៨៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងធម្មការ និងសាសនា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មាធិការជនជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។ ចុះហត្ថលេខាដោយ លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និង លោក ហៅ អាឡេញ ប្រធានគណៈកម្មាធិការជនជាតិ ។
៩៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការងារ ជនពិការ និងសង្គមកិច្ច នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ។ ចុះហត្ថលេខាដោយ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក ដាវ ង៉ុកហុង រដ្ឋមន្ត្រីក្រសួងការងារ ជនពិការ និងសង្គមកិច្ច។
១០៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការផ្នែក នវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់រវាងធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាម។ ចុះហត្ថលេខាដោយ លោក ជា ចាន់តូ ទេសាភិបាល នៃធនាគារជាតិនៃកម្ពុជា និងលោកស្រី ង្វៀន ធិហុង ទេសាភិបាល នៃធនាគាររដ្ឋវៀតណាម។
១១៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុនវៀតថេល ខេមបូឌា (Viettel Cambodia) ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឯកភាពចុះហត្ថលេខាលើអនុស្សរណៈខាងលើនេះ៕