ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោក ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្ដ្រី វៀតណាម បានប្ដេជ្ញា ជំរុញពាណិជ្ជកម្មឆ្លងដែន រវាងប្រទេសទាំងពីរ តាមរយៈការពង្រឹងពាណិជ្ជកម្ម តាមព្រំដែន និងពង្រីកឲ្យមានទីផ្សារ ព្រមទាំងបើកច្រកតាមព្រំដែន ដើម្បីឲ្យមានទំនិញចេញចូល រវាងប្រទេសទាំងពីរ។
ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ផាម មិញជិញ បានលើកឡើង ពីស្ថានភាពជាទូទៅ នៅប្រទេសវៀតណាម។
នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន និងលោក ផាម មិញជិញ ក៏បានពិភាក្សាគ្នាលើទិដ្ឋភាពទាំងនយោបាយ ទាំងទិដ្ឋភាព សេដ្ឋកិច្ច ដែលក្នុងនោះ ថ្នាក់ដឹកនាំកំពូលទាំងពីរ បានឯកភាពគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ មិត្តភាព រវាងប្រទេសប្រទេសទាំងពីរ ជាពិសេស លើវិស័យសេដ្ឋកិច្ច តាមរយៈការបន្តជំរុញការផ្លាស់ប្ដូរថ្នាក់ដឹកនាំប្រទេសទាំងពីរ ទាំងយុវជន ទាំងប្រជាជនប្រទេសទាំងពីរ ធ្វើទស្សនកិច្ច រវាងគ្នាទៅវិញទៅមក ជំរុញការតភ្ជាប់ខឿនសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ ទាំងផ្នែកទន់ ទាំងផ្នែករឹង ជំរុញពាណិជ្ជកម្មឆ្លងដែន រវាងប្រទេសទាំងពីរ តាមរយៈការពង្រឹងពាណិជ្ជកម្មតាមព្រំដែនផង និងពង្រីកឲ្យមានទីផ្សារ និងបើកច្រកតាមព្រំដែន ដើម្បីឲ្យមានទំនិញចេញចូល រវាងប្រទេសទាំងពីរផង។
លើសពីនោះទៀត ក៏មានការឯកភាពគ្នា រវាងថ្នាក់ដឹកនាំទាំងពីរ ជំរុញការតភ្ជាប់ រវាងប្រទេសទាំងពីរ ទាំងតាមផ្លូវគោក ទាំងតាមផ្លូវអាកាស តាមរយៈការ ឲ្យមានការហោះហើរត្រង់ពីខេត្តផ្សេងៗ ឬពីទីក្រុងធំៗ ទៅកាន់គ្នាទៅវិញទៅមក ។ ក្នុងនោះ ក៏មានការឯកភាពគ្នា ជំរុញឲ្យមានកិច្ច សហប្រតិបត្តិការយ៉ាងខ្លាំង ទៅលើវិស័យឌីជីថល និងជាពិសេស លើវិស័យដទៃ ទៀតផងដែរ ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណផងដែរ ចំពោះភាគីវៀតណាម ដែលតែងតែផ្ដល់ នូវអាហារូបករណ៍ជូនដល់កម្ពុជា។ ឆ្លៀតក្នុងឱកាសនោះ សម្ដេចតេជោ បានសម្ដែងនៅការអបអរសាទរ ជូនចំពោះវៀតណាម ដែលទទួលបានកំណើន សេដ្ឋកិច្ចយ៉ាងល្អ និងទប់ស្កាត់ជំងឺកូវីដ បានយ៉ាងល្អ ៕