ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ថ្នាក់ដឹកនាំមន្ត្រីរាជការតាមបណ្តាក្រសួង ស្ថាប័ន នានា បានអញ្ជើញទៅដាក់កំរងផ្កាគោរពវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី វីរបុរសអ្នកស្នេហាជាតិដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនដែលបានធ្វើឡើងនៅវិមានឯករាជ្យ ក្នុងទិវាបុណ្យឯករាជ្យជាតិលើកទី៦៩(៩វិច្ឆិកា ១៩៥៣ – ៩វិច្ឆិកា ២០២២)។
ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកាឆ្នាំ២០២២នេះ ត្រូវបានប្រារព្វឡើងស្របគ្នាទៅនឹងថ្ងៃកំណើតលើកទី៩ នៃកងយោពលខេមរភូមិន្ទហើយក្នុងថ្ងៃទី៩វិច្ឆិកាស្អែក ប្រទេសកម្ពុជានឹងប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់ នៃព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
នេះជាការចងចាំជានិច្ចនូវឧបការគុណយុទ្ធជន យុទ្ធនារី បុព្វបុរសដែលបានបូជាជីវិតដើម្បីជាតិ និងប្រជារាស្ត្រ។ ទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ក៏បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ចដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា ឲ្យរួចចាកផុតពីអាណានិគមនិយមបារាំង៕