ព័ត៌មានជាតិ

វិបត្តិអ៊ុយក្រែន​៖ កម្ពុជា គោរព​គោលការណ៍ ​ក្នុងធម្មនុញ្ញអង្គការ​សហប្រជាជាតិ ​និងច្បាប់អន្តរជាតិ

ភ្នំពេញ៖ ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ាន បាន​បញ្ជាក់ជំហរយ៉ាងច្បាស់ថា ភាពតានតឹងនៅក្នុងប្រទេសអ៊ុយក្រែន គឺកម្ពុជាប្រកាន់​ភ្ជាប់ និង​គោរព​គោលការណ៍​ ដែលបានចែងក្នុងធម្មនុញ្ញ អង្គការ​សហប្រជាជាតិ ​និងច្បាប់អន្តរជាតិ។

ក្នុងឱកាសអនុញ្ញាត ឱ្យលោក ដឹមីត្រូ គូលេបា (Dmytro Kuleba) រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា កម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាម ធ្លាប់ទទួលរងការឈ្លានពាន។ ដូច្នេះកម្ពុជាយល់ពីអារម្មណ៍ របស់ប្រជាជនអ៊ុយក្រែន។

សម្តេចបន្តថា «ជំហររបស់កម្ពុជា ​ចំពោះសង្គ្រាមនៅអ៊ុយក្រែន​ គឺការប្រកាន់​ភ្ជាប់ និង​គោរព​គោលការណ៍​ ដែលបានចែកក្នុងធម្មនុញ្ញ អង្គការ​សហប្រជាជាតិ ​និងច្បាប់អន្តរជាតិ។ កម្ពុជាប្រឆាំងនឹងការឈ្លានពាន ប្រឆាំងការគំរាមកំហែង​ ឬការប្រើប្រាស់​ហិង្សាមកលើអធិបតេយ្យ​ និងមរណភាព​ដែនដី ​របស់រដ្ឋឯករាជ្យនិង​មិនគាំទ្រដល់​ការបំបែករដ្ឋ ឬការ​ទន្ទ្រានយកទឹកដី​ពីប្រទេសដ​ទៃឡើយ»។

លោក Dmytro Kuleba បានអគុណសម្តេចតេជោ​ផងដែរ ដែលកម្ពុជាបានចេញ​សេចក្តីថ្លែងការណ៍ តាមរយ:​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ការ​គាំទ្របង្ហាញ​ពីកង្វល់ចំពោះស្ថានការណ៍ នៅអ៊ុយក្រែន។ ដែលបង្ហាញអំពីកង្វល់ ចំពោះស្ថានការណ៍ដែលបាន និងកំពុងកើតឡើងនៅប្រទេសអ៊ុយក្រែន ដោយបានទាមទាឲ្យបញ្ឈប់ ការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ជាបន្ទាន់ និងងាកមករកការចរចាដោយសន្តិវិធីវិញ និងធ្វើជាសហស្ថាបនិក គាំទ្រចំពោះសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ដែលពាក់ព័ន្ធនឹងការឈ្លានពានមកលើអ៊ុយក្រែន។

ឆ្លៀតឱកាសនោះ សម្ដេចបានផ្ដាំផ្ញើនូវ ការសួរសុខទុក្ខ​ដល់ពលរដ្ឋ​អ៊ុយក្រែន ទាំងអស់ និងជូនពរឲ្យប្រជាជនអ៊ុយក្រែន​ទាំងអស់ បានទទួលនូវ​សុខសន្តិភាព​ និងការអភិវឌ្ឍក្នុង​ពេលឆាប់ៗខាង​មុខ កុំបីខានឡើយ៕

To Top