ព័ត៌មានជាតិ

លោក យឹម ឆៃលី អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធវិមានឯករាជ្យ ខេត្តកំពង់ចាម និងប្រារព្ធខួបអនុស្សាវរីយ៍ លើកទី ៦៩ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

កំពង់ចាម ៖ នៅរសៀលថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ រដ្ឋបាលខេត្តកំពង់ចាម បានប្រារព្ធពិធី សម្ពោធវិមានឯករាជ្យ ខេត្តកំពង់ចាម និងប្រារព្ធពិធី ខួបអនុស្សាវរីយ៍លើកទី ៦៩ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ព្រមជាមួយប្រតិភូ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជុំវិញខេត្ត ជាច្រើនរូបទៀត ស្ថិតនៅភូមិទី ៦ សង្កាត់វិលវង់ ក្រុងកំពង់ចាម ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ក្នុងឱកាសនោះថា ស្របពេលនៃការប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩-វិច្ឆិកា និងទិវាកំណើត កងយោធពលខេមរភូមិន្ទ ហើយយើងក៏បានប្រារព្ធ ពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសំណង់ ជាប្រវត្តិសាស្ត្រថ្មីមួយទៀត ក្នុងខេត្តកំពង់ចាម គឺវិមានឯករាជ្យដ៏ស្រស់ប្រណិត ជាស្នាដៃរបស់ថ្នាក់ដឹកនាំ មន្ទីរជំនាញ និងមន្ត្រី រាជការ នៅក្នុងខេត្តកំពង់ចាម ដែលបានបង្ហាញខ្លួនដ៏ខ្ទឹមស្ពៃ នៅចំពីមុខយើងទាំងអស់គ្នា នាលពេលនេះផងដែរ ។

លោកអភិបាលខេត្តបានបន្តថា ដោយមានការដឹកនាំចង្អុលបង្ហាញពីលោក យឹម ឆៃលីឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម និងសម្ដេចឧត្តមទពញាណ ហ៊ុន ណេង រដ្ឋបាលខេត្តកំពង់ចាម បានសាងសង់វិមាន ឯករាជ្យខេត្តកំពង់ចាម មានកំពស់ ២៩,៩១ម៉ែត្រ ដែលជាសមិទ្ធផល ជាប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលបានបដិសន្ធិលើកទឹកដី
ខេត្តកំពង់ចាម ។ សំណង់ជាប្រវត្តិសាស្ត្រនេះ បានចាប់ផ្ដើមបើកការរដ្ឋានកសាងឡើងកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ មានរយៈពេល ១១ខែ ក្នុងការសាងសង់ ។

វិមានឯករាជ្យខេត្តកំពង់ចាម មានខឿនតួរប្រាង្គ ចំនួន ៣ជាន់ និងដំបូលឋានមានចំនួន ៥ថ្នាក់ រួមទាំងកំពូល វិមានឯករាជ្យ
រំលេចដោយ ក្បាច់រចនាលំអរមាន ចំនួន ៤ក្បាច់ រួមបញ្ចូលគ្នា ៖ ក្បាច់សន្លឹកអង្គរ ក្បាច់ដកចាន់ក្បាច់ ត្របកឈូកបំបែក និងក្បាច់ពងត្រី រួមនឹងក្បាលនាគចំនួន ១០០ ចំនែកខឿនខាងបាតក្រោម មានអង្កត់ផ្ចិត ៣៩,៣ម៉ែត្រ ដែលរំលេចផ្នូរអតីតយុទ្ធជនជុំវិញ និងចាក់បេតុងផ្លូវជុំវិញ វិមានឯករាជ្យទទឹង១០ម៉ែត្រ រួមនឹងហេដ្ឋារចនសម្ព័ន្ធនៅជុំវិញបរិវេណ ដែលលំអភ្លើងចំរុះពណ៌ក្នុងពេលរាត្រី អមដោយទឹកផុសចេញពីថែវជុំវិញតួប្រាសាទ រួមមួយទេសភាពសួនផ្កាស្របតាមដងផ្លូវ និង ប្រាសាទ ដែលមានដើមរំដួល ចំនួន ១០០ដើម ដែលជាផ្កាតំណាង អត្តសញ្ញាណជាតិ ។ វិមានឯករាជ្យនេះ ពិតជាមានអត្ថន័យជាប្រវត្តិសាស្ត្រ សម្រាប់យើងទាំងអស់គ្នា ហើយក៏បាននាំ មកនូវសោភ័ណ្ឌភាព ស្រស់ស្អាតថែមទៀត ក្នុងក្រុងកំពង់ចាម ។

លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានមានប្រសាសន៍ផងដែរថា ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខេត្តកំពង់ចាម ខ្ញុំពិតជាមានមោទនភាព និងសម្ដែងនូវការកោតសរសើរ ស្ញប់ស្ញែងដ៍ស្មោះអស់ពីចិត្ត ចំពោះការដឹកនាំកិច្ចអភិវឌ្ឍន៍ របស់រដ្ឋបាលខេត្ត ពីសំណាក់គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការទាំងអស់ និងការចូលរួមគាំទ្រ យ៉ាងសកម្មពីបងប្អូន ប្រជាពលរដ្ឋក្នុងខេត្ត បានរួមគ្នាកសាង នូវសមិទ្ធផលថ្មីមួយនេះ ហើយប្រារព្ធពិធីសម្ពោធជាផ្លូវការ ស្របពេល ដែលព្រះរាជាណាចក្រកម្ពុជា កំពុងរីករាយអបអរ សាទរខួបអនុស្សាវរីយ៍លើកទី៦៩ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទុ (៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០២២) ។

លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា បុណ្យឯករាជ្យជាតិ គឺជាវិធីបុណ្យជាតិ មួយដ៏អធិកអធម ឧត្តុង្គឧត្តម ដែលត្រូវបានប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំនៅក្នុងប្រទេស នាថ្ងៃទី ៩ វិច្ឆិកា ។ ពិធីបុណ្យនេះ បានចាប់ផ្តើមប្រារព្ធធ្វើឡើង បន្ទាប់ពីប្រទេសកម្ពុជា បានទទួលឯករាជ្យពេញលេញ ពីអាណានិគមបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូនីយកិច្ច របស់ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងឱកាសដ៏វិសេសវិសាលនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោនាយករដ្ឋមន្តី បានមានប្រសាសន៍ថា “ប្រជាពលរដ្ឋកម្ពុជានៅថ្ងៃនេះ មានតែអំណរសាទរ និងក្តីសប្បាយរីករាយចំពោះមោទនភាពជាតិ ដែលមិនត្រូវឱ្យមានអ្វីមកបំផ្លាញ ដល់សេចក្តីសុខ និងសន្តិភាពរបស់កម្ពុជាជាដាច់ខាត ” ៕

To Top