ព័ត៌មានជាតិ

កម្ពុជា-វៀតណាម មិនអនុញ្ញាតឲ្យកម្លាំងអមិត្ត ប្រើប្រាស់ទឹកដីរបស់ខ្លួន បង្កអន្តរាយដល់សន្តិសុខ និងប្រយោជន៍របស់ភាគីម្ខាងទៀត

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ និងសន្តិសុខ ដោយផ្អែកលើ គោលការណ៍ ដែលមិនអនុញ្ញាត ឱ្យកម្លាំងអមិត្តណាមួយ ប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីបង្កអន្តរាយដល់សន្តិសុខ និងផលប្រយោជន៍ របស់ភាគីម្ខាងទៀត ។

តាមរយៈសេចក្ដីថ្លែងការណ៍រួម នៅថ្ងៃទី៩ វិច្ឆិកា នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាម បានអះអាងសាជាថ្មីថា នឹងធ្វើ ការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីអនុវត្តប្រកប ដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀង នានាដែលបានចូល ជាធរមាន និងប្រើប្រាស់ឱ្យមានប្រសិទ្ធភាព នូវយន្តការដែលមាន ស្រាប់លើកិច្ចសហប្រតិបត្តិការ ការពារជាតិ និងសន្តិសុខ ដើម្បីពង្រឹងការសម្របសម្រួល ក្នុងការថែរក្សាស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សង្គម និងសុវត្ថិភាពនៅក្នុងប្រទេសនីមួយៗ ក៏ដូចជាលើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រង និងការពារ ព្រំដែន។

ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ លើការការពារផ្នែកកុងស៊ុល ដល់ប្រជាជន ស្របតាមអនុសញ្ញាទីក្រុងវីយែន ស្តីពីទំនាក់ទំនង កុងស៊ុល ឆ្នាំ១៩៦៣ ក្នុងការដោះស្រាយ ឧក្រិដ្ឋកម្មឆ្លងដែននានាដូចជា ការជួញដូរមនុស្ស និងគ្រឿងញៀន ក៏ដូចជាការការពារ សន្តិសុខតាម ប្រព័ន្ធអ៊ីនធឺណិតផងដែរ ។

សម្ដេចតេជោ ហ៊ុន សែន និងលោក ផាម មិញជិញ ក៏បានឯកភាពបន្តខិតខំប្រឹងប្រែងរួមគ្នា ក្នុងការស្វែងរក ការទៅយក និងប្រគល់ជូនវិញ នូវអដ្ឋិធាតុទាហានស្ម័គ្រចិត្ត និងអ្នកជំនាញ ការវៀតណាម ដែលបានពលីជីវិត នៅកម្ពុជា ពន្លឿនការធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុយុទ្ធជនកងកម្លាំង ប្រដាប់អាវុធសាមគ្គី សង្គ្រោះជាតិកម្ពុជា ពីប្រទេស វៀតណាមមកប្រទេសកម្ពុជា ដោយផ្អែកលើស្មារតីនៃកិច្ចប្រជុំក្រុមការងារ បច្ចេកទេសនៃប្រទេសទាំងពីរ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ៕

To Top