នយោបាយ

បទអត្ថាធិប្បាយ ៖ មោទនភាព របស់កម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំពាក់ព័ន្ធ

កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធដទៃទៀត ចាប់ដំណើរការពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានប្តូរ វេនឆ្នាំ២០២២ ។ កិច្ចប្រជុំអាស៊ានលើកនេះ បានធ្វើឡើងក្រោមប្រធានបទ «អាស៊ានរួមគ្នាធ្វើ ៖ ដោះស្រាយបញ្ហា ប្រឈមទាំងអស់គ្នា» ។

នេះជាពេលវេលាដ៏ឧត្តុង្គ ឧត្តមបំផុត ដែលកម្ពុជា មានកិត្តិយសបានទទួលធ្វើជាម្ចាស់ ផ្ទះរៀបចំកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត នាពេលនេះ និងបានទទួលប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេសមួយចំនួន រួមទាំងមេដឹកនាំ នៃប្រទេសមហាអំណាច ក្នុងតំបន់ និងលើពិភពលោកទៀតផង ជាពិសេសវត្តមានរបស់លោកលី ឃឺឈាង នាយករដ្ឋមន្ត្រីចិនជាដើម ។

លោក ជា ច័ន្ទបរិបូណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកវិភាគសង្គម បានប្រាប់វិទ្យុមិត្តភាព កម្ពុជាចិនថា ប្រទេសកម្ពុជា ត្រូវធ្វើជាប្រធានអាស៊ាន ក្នុងស្ថានភាព ដែលសភាព ការណ៍ពិភពលោក កំពុងជួបបញ្ហាប្រឈមធំៗនិងស្មុគស្មាញ ។ ក្នុងនោះ ជំងឺរាតត្បាត សកលកូវីដ-១៩ បាននឹងកំពុងបង្កវិនាសកម្ម យ៉ាងធ្ងន់ធ្ងរបំផុត ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដោយបានបង្កើត ឲ្យមានវិបត្តិសុខភាព សាធារណៈ សេដ្ឋកិច្ច-សង្គម និងនយោបាយ ។ ប៉ុន្តែដោយមានការសម្របសម្រួល និងភាពប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី កម្ពុជាពិតជាមានមោទនភាពខ្ពស់ ក្នុងពេលធ្វើជា ម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានឆ្នាំនេះ ក្នុងភាពឧឡារិក និងអធិកអធមបំផុត ធ្វើឱ្យពិភពលោកមើលមកកម្ពុជា ក្នុងក្រសែភ្នែកយុត្តិធម៌ និងភ្លឺថ្លា ។

លោកបញ្ជាក់ថា ការធ្វើជាប្រធានប្តូវេនអាស៊ានឆ្នាំ២០២២នេះ កម្ពុជាទទួលបានផលចំណេញច្រើន ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ។
សំឡេង៖ « ងាកមកអត្ថប្រយោជន៍ នៃការធ្វើការប្រធានអាស៊ាននេះ យើងមើលឃើញថា មានផលចំណេច្រើនណាស់ បណ្តាប្រទេសនីមួយៗមកកម្ពុជា ក្រៅពីកិច្ចប្រជុំ ក៏មានដំណើរទស្សនកិច្ច និងការ ចុះកិច្ចព្រមព្រៀងជាច្រើនជាមួយកម្ពុជា ដូចជា ៖ ប្រទេសចចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាច្រើន និងប្រទេសផ្សេងៗទៀត ក៏បានចុះបន្តបន្ទាប់ផងដែរ ។ តាមរយៈការធ្វើជាប្រធានអាស៊ាននេះ បានធ្វើឱ្យពិភពលោកមើលឃើញកម្ពុជាពិត មិនមែនកម្ពុជាប្រឌិត ដូចក្រុមមួយចំនួនលើកឡើងនោះទេ ។ កម្ពុជាចំណេញផ្នែកសេដ្ឋកិច្ច តាមរយៈវេទិការធុរកិច្ចជាដើមព្រោះ មានពាណិជ្ជករធំៗ បានមកកម្ពុជា ហើយខួរក្បាលរបស់ពួកគេ »។

លោក គង់ ភោគ រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ និងជាប្រធានការិយាល័យ ប្រេសិតពិសេស របស់ប្រធានអាស៊ាន បានមានប្រសាសន៍ថា ការចូលរួមចំណែករបស់ថ្នាក់ដឹកនាំកំពូល ដែលមកចូលរួមកិច្ចប្រជុំកំពូល អាស៊ានលើកទី៤០និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ មានចំនួន២៩ ប្រទេសនិងស្ថាប័ន ។ ចំណែកស្ថាប័ន ដែលមិនបានចូលរួម គឺដោយសារមមារញឹកជាមួយការងារផ្សេងទៀត ដោយឡែកដៃគូ ដែលត្រូវមកចូលរួម នៅក្នុងកិច្ចប្រជុំសំខាន់ៗ គឺមកគ្រប់គ្នាទាំងអស់ ។ ក្នុងចំណោមសមាជិក ដែលមិនបានមក គឺប្រទេសមីយ៉ាន់ម៉ា ដោយសារតែអាស៊ាន បានអញ្ជើញតំណាងមិននយោបាយ ប៉ុន្តែមីយ៉ាន់ម៉ា សម្រេចចិត្តមិនបញ្ជូន នរណាម្នាក់មកឡើយ។
សំឡេង « អ៊ីចឹងយើងអាចនិយាយបានថា ការអញ្ជើញ របស់យើងទៅដល់ថ្នាក់ដឹកនាំកំពូល ក៏ដូចជាថ្នាក់ដឹកនាំ របស់ស្ថាប័នអន្តរជាតិ គឺមានការ ទទួលស្វាគមន៍ ហើយអញ្ជើញមកគ្រប់គ្នា នៅពេលដែលយើងនៅមានកិច្ចប្រជុំកំពូលផ្សេងទៀត នៅក្នុងតំបន់ផងដែរ ។ កន្លែងនេះ ក៏យើងត្រូវធ្វើការ ចាប់អារម្មណ៍ផងដែរ ព្រោះបន្ទាប់ពីកិច្ចប្រជុំកំពូល អាស៊ាន ហើយ គឺមានកិច្ចប្រជុំG20 ហើយក៏មានកិច្ចប្រជុំកិច្ច សហប្រតិបត្តិការ សេដ្ឋកកិច្ចអាស៊ីប៉ាស៊ីហ្វិកដែរ ។ អ៊ីចឹងថ្នាក់ដឹកនាំ គឺត្រូវលៃពេលថា ទៅកិច្ចប្រជុំមួយណា ចោលមួយណា ព្រោះជារួម គឺគាត់មិនអាចនៅឆ្ងាយ ពីប្រទេសរបស់គាត់យូរនោះទេ ប៉ុន្តែជារឿងគួរឱ្យសប្បាយរីករាយ សម្រាប់យើង យើងទាំងអស់គ្នាគឺអាស៊ាន SUMMITS គឺកម្ពុជាទទួលបានការចូលរួម និងវត្តមានរបស់ពួកគាត់ទាំងអស់ » ។

គួរម្លឹកថា ក្នុងពេលដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ប្រទេសកម្ពុជា ក៏មានឱកាសបានទទួលស្វាគមន៍វត្តមាន របស់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃបណ្តា ប្រទេសមួយចំនួន ដែលបានឆ្លៀត ពេលបំពេញទស្សនកិច្ចជាផ្លូវការ នៅកម្ពុជាផងដែរ ដើម្បីរិតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែរឹងមាំថែមទៀត ។ វាក៏ជាឱកាស ដែលកិត្យានុភាពកម្ពុជា កាន់តែត្រូវបានពង្រឹងពង្រីកថែមទៀត នៅលើឆាកអន្តរជាតិ ៕
(អត្ថបទដោយវិទ្យុមិត្តភាពកម្ពុជាចិន )

To Top