ភ្នំពេញ៖ លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន បានបញ្ជាក់ឱ្យដឹងថា អាស៊ាន មិនអនុញ្ញាតឲ្យ ប្រធានាធិបតីអ៊ុយក្រែន លោកVladimir Zelensky ធ្វើសេចក្តីថ្លែងការណ៍ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ខាងមុខនេះឡើយ។
ថ្លែងនៅក្នុងសន្និសីទកាសែត នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ លោក គង់ ភោគ បានបញ្ជាក់ថា «រឿងដែលឆ្លងកាត់នូវការសម្រេច ដោយកុងសង់ស៊ីស ពីសមាជិកអាស៊ានទាំងអស់ ហើយម្យ៉ាងក្នុងនាមជាភ្ញៀវ របស់ប្រធានអាស៊ាន គឺអាចត្រឹមចូលរួម ក្នុងពិធីបើកកម្មវិធីដែលមិនពាក់ព័ន្ធនឹងកិច្ចប្រជុំប៉ុណ្ណោះ»។
អ្នកនាំពាក្យរូបនេះបញ្ជាក់បន្ថែមថា «ដូច្នេះនៅក្នុងករណីនេះ យើងមិនមានស្ថានភាពហ្នឹងទេ ដូច្នេះគាត់នឹងមិនអាច ថ្លែងសុន្ទរកថា នៅក្នុងកម្មវិធីអ្វីមួយនៅកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឡើយ»។
លោកបានបន្ថែមថា ក្នុងនាមប្រធានអាស៊ាន កម្ពុជានឹងខិតខំជួយឱ្យអស់លទ្ធភាព ដើម្បីបុព្វហេតុសន្តិភាព ហើយអាស៊ានក៏នឹងអាចធ្វើជាអ្នកសម្របសម្រួលដើម្បីសន្តិភាពអ៊ុយក្រែន ប្រសិនបើមានការស្នើសុំពីភាគីពាក់ព័ន្ធ។
សូមរំលឹកថា ក្នុងជំនួបតាមទូរស័ព្ទលើកដំបូងជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ាន កាលពីរសៀល ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ លោកVladimir Zelensky បានស្នើសុំសម្តេចតេជោ ហ៊ុន សែន ដើម្បីថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ក្នុងពេលបើកកិច្ចប្រជុំកំពូលអាស៊ាន៕