ព័ត៌មានជាតិ

កងទ័ពជើងគោកនៃ ប្រទេសជាសមាជិកអាស៊ានមាន​តួនាទី​យ៉ាង​សំខាន់ ​ក្នុង​ការធានាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍរួមនៅក្នុងតំបន់

ភ្នំពេញ៖ ក្នុងបរិបទ នៃស្ថានការណ៍ពិភពលោកបច្ចុប្បន្ន ដែលបាន និងកំពុងប្រែប្រួលខ្លាំង ស្មុគស្មាញ និងពិបាកព្យាករណ៍ ដែលទាមទារឱ្យកងទ័ពជើងគោក នៃបណ្តាប្រទេសសមាជិកអាស៊ាន បន្តចូលរួមចំណែកពង្រឹងកិច្ចសហការជិតស្និទ្ធបន្ថែមទៀត ដើម្បីធានាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍរួមនៅក្នុងតំបន់។ នេះបើយោងតាមស្មារតី នៃកិច្ចប្រជុំពហុភាគី មេបញ្ជាការជើងគោកអាស៊ានលើកទី២៣ (the 23rd ASEAN Chiefs of Army Multilateral Meeting) ។

កិច្ចប្រជុំនេះ បានធ្វេី​ឡើងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នារដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលមានប្រមុខកងទ័ព មកពីបណ្ដាប្រទេសជាសមាជិកអាស៊ាន បានចូលរួម ក្នុងនោះរួមមានទាំង ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ មេបញ្ជាការកងទ័ពជើងគោក និងតំណាងមេបញ្ជាការកងទ័ពជើងគោក នៃបណ្តាប្រទេសសមាជិកអាស៊ាន បានកោតសរសើរ ប្រទេសវៀតណាម ចំពោះជោគជ័យ នៃការគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ-១៩ ដែលបានបង្កលទ្ធភាព ដល់ការរៀបចំកិច្ចប្រជុំពហុភាគី ដ៏មានសារៈសំខាន់នេះ រួមទាំងកិច្ចប្រជុំ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានា ដោយរលូន។

ទន្ទឹមនឹងបរិការណ៍ជារួម នៃជំងឺកូវីដ-១៩ ហាក់បានធូរស្រាល និងស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន ក្នុងពេលចំពោះមុខនេះ កងទ័ពជើងគោក នៃបណ្តាប្រទេសសមាជិកអាស៊ាន គួរជំរុញឱ្យមានដំណើរការ ពេលលេញទ្បើងវិញ នូវសកម្មភាពសហប្រតិបត្តិការកម្រិតទ្វេភាគី ពហុភាគី និងយន្តការអាស៊ាននានា រួមមានជាអាទិ៍៖ ការជួបប្រជុំផ្ទាល់, ការផ្លាស់ប្តូរទស្សនកិច្ច, ការហ្វឹកហ្វឺន, ការធ្វើលំហាត់រួម ។ល។ ដើម្បីថែរក្សាបាននូវចំណងមិត្តភាព សាមគ្គីភាព ការជឿទុកចិត្ត សហការស្អិតរមួត និងការពង្រឹងសមត្ថភាពឆ្លើយតបចំពោះបញ្ហាអសន្តិសុខនានា ដែលអាចកើតមានឡើងនៅក្នុងតំបន់។

គួរបញ្ជាក់ថា កិច្ចប្រជុំប្រចាំឆ្នាំរវាង មេបញ្ជាការកងទ័ពជើងគោក នៃបណ្តាប្រទេសសមាជិកអាស៊ានមួយនេះ ត្រូវបានខកខាករៀបចំ តាមរយៈការជួបប្រជុំផ្ទាល់ អស់រយៈពេល២ ឆ្នាំជាប់គ្នាមកហើយ ដោយក្នុងឆ្នាំ២០២០ និង២០២១ កន្លងទៅនេះ ត្រូវបានរៀបចំឡើយតាមប្រព័ន្ធវីដេអូពីចម្ងាយ។

សម្រាប់ឆ្នាំ២០២៣ ខាងមុខ កងទ័ពជើងគោកនៃកងភូមិន្ទថៃ នឹងទទួលបន្តធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំបន្ទាប់ រួមទាំងកិច្ចប្រជុំប្រចាំឆ្នាំ នាយទាហានរងអាស៊ាន (ASMAM) និងព្រឹត្តិការណ៍ជំនួបបាញ់កាំភ្លើងដៃ កងទ័ពជើងគោក អាស៊ាន (AARM) ផងដែរ៕

To Top