ព័ត៌មានជាតិ

កម្ពុជា នឹងក្លាយជាអ្នកសង្កេតការណ៍ នៃអង្គការសហប្រតិបត្តិការ សៀងហៃ (SCO)

ភ្នំពេញ៖ នៅចំពោះមុខ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ លោក ចាំង​ មីង​ (Zhang Ming) អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) បានបង្ហាញពីក្តីសង្ឃឹមថា កម្ពុជានឹងក្លាយជា អ្នកសង្កេតការណ៍នៃអង្គការ សហប្រតិបត្តិការសៀងហៃ(SCO)។

យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស កម្ពុជា​ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណ លោក Zhang Ming អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅក្នុងកិច្ចប្រជុំនៅថ្ងៃ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចំពោះ ការសម្របសម្រួលរបស់លោកក្នុងការគាំទ្រ ការដាក់បេក្ខភាព របស់កម្ពុជាជាអ្នកសង្កេតការណ៍ នៃ SCO និងបានគូសបញ្ជាក់ពីការត្រៀមខ្លួន របស់កម្ពុជាក្នុងការទទួលយកនូវ អនុសាសន៍នានារបស់ SCO និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីសម្រេចបាននូវគោលដៅនេះ ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ពិភាក្សាជាមួយអគ្គលេខាធិការអង្គការ សហប្រតិបត្តិការសៀងហៃ (SCO) អំពីការដាក់បេក្ខភាពរបស់កម្ពុជាដើម្បី ក្លាយជាអ្នកសង្កេតការណ៏ នៃអង្គការសហប្រតិបត្តិការសៀងហៃ។

សម្តេចតេជោនាយករដ្ឋមន្ត្រី និង លោក Zhang Ming បានពិភាក្សាគ្នាយ៉ាងផុល ផុសអំពីការដាក់បេក្ខភាពកម្ពុជា ដើម្បីក្លាយជាអ្នកសង្កេតការណ៍ នៃអង្គការសហប្រតិបត្តិការសៀងហៃ បន្ទាប់ពីបានក្លាយជាដៃគូសន្ទនា របស់អង្គការនេះ ក្នុងឆ្នាំ២០១៥។

សម្តេចតេជោនាយករដ្ឋមន្ត្រីបាន មានប្រសាសន៍ថា ចាប់តាំងពីបានក្លាយជាដៃគូសន្ទនា របស់ SCO ក្នុងឆ្នាំ ២០១៥ កម្ពុជា បានរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការ រវាងអាស៊ាននិងSCO ដោយបានលើកឡើង ពីការចូលរួម យ៉ាងសកម្មរបស់កម្ពុជា នៅក្នុងអង្គការនានាក្នុងតំបន់ និងអន្តរជាតិ ក្នុងគោលបំណងពង្រឹងចំណង មិត្តភាព និងការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខ។

ទន្ទឹមនឹងការសាទរចំពោះ រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ចំពោះការផ្លាស់ប្តូរ គួរឲ្យកត់សម្គាលក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ បន្ទាប់ពីដំណើរទស្សនកិច្ច លើកដំបូងរបស់លោក ។

លោក Zhang Ming ក៏បានថ្លែងអំណរគុណ ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបាន អញ្ជើញលោកចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងបានវាយតម្លៃខ្ពស់ ចំពោះតួនាទីរបស់កម្ពុជាជា ប្រធានអាស៊ាន។

លោកអគ្គលេខាធិការ បានកោតសរសើរកម្ពុជា ចំពោះការចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់ ទំនាក់ទំនងរវាងអាស៊ាន និងSCO និងបានលើកឡើងពីដំណើរការផ្ទៃក្នុង របស់ SCO ក្នុងការដំឡើង ឋានៈ ពីដៃគូសន្ទនា ទៅជាអ្នកសង្កេតការណ៍របស់ SCO និងបង្ហាញពីក្តីសង្ឃឹមថា កម្ពុជានឹងក្លាយជា អ្នកសង្កេតការណ៍នៃអង្គការ សហប្រតិបត្តិការសៀងហៃ។

សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកអគ្គលេខាធិការ បានពិភាក្សានិងធ្វើការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ រវាងអាស៊ាននិងSCO៕

To Top