ព័ត៌មានជាតិ

ADB ត្រៀមធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា លើការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍថាមពលបៃតង

ភ្នំពេញ៖ លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបញ្ជាក់ប្រាប់សម្ដេចតេជោ ហ៊ុន សែន ថា ADB បានត្រៀមខ្លួនក្នុងការធ្វើ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំផែនការកម្មវិធីអាទិភាពនានា ស្តីពីការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍថាមពលបៃតង ។

ក្នុងជំនួបពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី១១ ខែវិច្ឆិកា លោក Masatsugu Asakawa បានគូសបញ្ជាក់ថា ADB បានរក្សាការព្យាករណ៍របស់ខ្លួន ចំពោះកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងកម្រិត ៥.៣ ភាគរយនៅឆ្នាំ ២០២២ ប៉ុន្តែបានបន្ទាបការព្យាករណ៍នៅឆ្នាំ ២០២៣ ពីក្នុងកម្រិត ៦.៥ ភាគរយ មកនៅត្រឹម ៦.២ ភាគរយ ដោយសារតែការចុះខ្សោយជាងមុន នៃកំណើនសេដ្ឋកិច្ចពិភពលោក ព្រមទាំងកំពុងរៀបចំយុទ្ធសាស្រ្ត ភាពជាដៃគូប្រចាំប្រទេស (CPS) ថ្មី សម្រាប់រយៈពេល ២០២៤-២០២៨ ។

លោក Masatsugu Asakawa បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ ADB ក្នុងការពង្រឹង និងពង្រីកបន្ថែមទៀត នៅក្នុងប៉ុន្មានឆ្នាំខាងមុខ ដើម្បីបន្តការរួមចំណែករបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលកម្ពុជាកំពុងជួបប្រទះ ក្នុងការអភិវឌ្ឍ ។

សម្តេចតេជោ និងប្រធាន ADB បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើ វិស័យបម្រែបម្រួលអាកាសធាតុ ដោយក្នុងនោះ ADB បានបញ្ជាក់ជាថ្មីនូវការត្រៀមខ្លួន ក្នុងការធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំផែនការកម្មវិធីអាទិភាពនានា ស្តីពីការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍថាមពលបៃតង ៕

To Top