ភ្នំពេញ៖ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស (António Guterres) អគ្គលេខាធិការអង្គការ សហប្រជាជាតិ បានលើកឡើងយ៉ាងខ្លីថា ស្ថានភាពមនុស្សធម៌ នៅមីយ៉ាន់ម៉ា នៅតែគ្មានសង្ឃឹមអាចងើបរួច ។ នេះបើតាមការចុះផ្សាយ របស់ក្រសួងព័ត៌មាន ។
ការលើកឡើងរបស់អគ្គលេខាធិការ UN បែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១២ វិច្ឆិកានេះ អំឡុងពេលដែលលោក ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើក៤០ ៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
ថ្លែងក្នុងសន្និសីទកាសែត លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស ក៏បានលើកឡើងដោយថ្កោលទោស ចំពោះបញ្ហាកើតឡើងនៅមីយ៉ាន់ម៉ា ដូចជាអំពើហិង្សា ការប្រើប្រាស់កម្លាំងមិនសមាមាត្រ ដែលលោកចាត់ទុកថា «ស្ថានភាពសិទ្ធមនុស្សនៅប្រទេសនេះ ពិតជាគួរឱ្យរន្ធត់» ។ លោកថា ស្ថានភាពនយោបាយ សន្តិសុខ សិទ្ធិមនុស្ស និងមនុស្សធម៌ នៅក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងធ្លាក់ចូលយ៉ាងជ្រៅ ទៅក្នុងគ្រោះមហន្តរាយ ។
លោកបន្តថា នៅក្រោមច្បាប់អន្តរជាតិ ការវាយប្រហារមិនរើសមុខទៅលើជនស៊ីវិល អាចបង្កើតជាឧក្រិដ្ឋកម្មសង្គ្រាម ដូច្នេះលោកបានបន្តអំពាវនាវជាថ្មីទៅកាន់អជ្ញាធរ មីយ៉ាន់ម៉ា ដោយឱ្យដោះលែងអ្នកទោស នយោបាយទាំងអស់ និងចាប់ផ្តើមដំណើរការរួមគ្នាជាថ្មី ដើម្បីត្រឡប់ទៅកាន់ របបប្រជាធិបតេយ្យឡើងវិញ ។ លោកសង្កត់បន្ថែមថា «ការធ្វើដូច្នេះគឺជាផ្លូវតែមួយគត់ ទៅកាន់សន្តិភាព និងសន្តិសុខ យូរអង្វែង» ។
ជាមួយគ្នានេះដែរ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស ក៏បានបង្ហាញការស្វាគមន៍ និងឯកភាពទៅលើកិច្ចព្រមព្រៀង ៥ចំណុចរបស់អាស៊ាន និងជម្រុញប្រទេសជាសមាជិកអាស៊ានទាំងអស់ ស្វែងរកយុទ្ធសាស្ត្របង្រួបបង្រួម ក៏ដូចជាយកចិត្តទុកដាក់ ផ្ដោតទៅលើគោលបំណង និងសេចក្ដីប្រាថ្នារបស់ពលរដ្ឋមីយ៉ាន់ម៉ា នៅក្នុងកាលៈទេសៈនេះ ដូចជាការគាំទ្រទៅលើការតស៊ូមតិ ការការពារ និងមានជំនួយជួយទៅដល់ជនភៀសខ្លួន ពីប្រទេសមួយនេះ ។
អគ្គលេខាធិការអង្គការ សហប្រជាជាតិបញ្ជាក់ថា «ស្ថានភាពមនុស្សធម៌នៅមីយ៉ាន់ម៉ា នៅតែគ្មានសង្ឃឹមអាចងើបរួច» លោកនិយាយដូច្នេះ គឺដោយសារកន្លងមកក៏ឃើញមាន ការសម្របសម្រួលយ៉ាងជិតស្និទ្ធ របស់អង្គការសហប្រជាជាតិជាមួយមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន សម្រាប់ជំនួយមនុស្សធម៌លើការ គ្រប់គ្រងគ្រោះមហន្តរាយ និងដៃគូមនុស្សធម៌ផ្សេងទៀត ៕