ព័ត៌មានជាតិ

UN ចង់ឃើញរុស្ស៊ី-អ៊ុយក្រែន សន្ទនាគ្នាបញ្ចប់ភាពតានតឹង ដើម្បីឈានទៅរកសន្ដិភាព

ភ្នំពេញ៖ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងថា អង្គការសហប្រជាជាតិ ចង់ឃើញភាគីរុស្ស៊ី និងអ៊ុយក្រែន ជួបសន្ទនាគ្នាបញ្ចប់បញ្ហា ភាពតានតឹងដាក់គ្នា ដើម្បីឈានទៅរកសន្ដិភាព សម្រាប់ប្រទេសទាំងពីរ ។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ។

ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី១២ វិច្ឆិកានេះ ក្រោយកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ជាក់ថា «អង្គការសហប្រជាជាតិ ចង់ឃើញមានការបង្កើតនូវលក្ខខណ្ឌផ្សេងៗ សម្រាប់ការសន្ទនារវាងរុស្ស៉ី និងអ៊ុយក្រែន ដើម្បីបញ្ចប់បញ្ហាដែលកើតមានឡើង និងឈានទៅរកសន្ដិភាពសម្រាប់ប្រទេសទាំងពីរ» ។

លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស បានមើលឃើញថា អ្វីដែលបានកើតមានឡើងនៅអ៊ុយក្រែន គឺជាការបំពាននូវធម្មនុញ្ញបូរណភាពទឹកដី របស់ប្រទេសមួយ។

លោកបញ្ជាក់យ៉ាងដូច្នេះថា «អ្វីដែលបានកើត ឡើងនៅអ៊ុយក្រែន គឺជាការបំពានធម្មនុញ្ញបូរណភាពទឹកដី។ វាមានសារៈសំខាន់ណាស់ក្នុង ការបង្កើតលក្ខខណ្ឌសម្រាប់ការសន្ទនា ហើយចាប់ផ្តើមសម្លឹងមើលទៅអនាគត ដើម្បីសន្តិភាព» ៕

To Top