ព័ត៌មានជាតិ

បុរសម្នាក់ចោទស្ត្រីចំណាស់ថា គ្រូធ្មប់ និង ប៉ុនប៉ងចាក់សម្លាប់ ត្រូវចាប់ខ្លួន និង ជាប់គុក នៅខេត្តមណ្ឌលគីរី

ភ្នំពេញ: បុរសត្រូវចោទម្នាក់ កាលពីថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២២ ត្រូវបានចៅក្រម ស៊ើបសួរ នៃ សាលាដំបូងខេត្ត មណ្ឌលគីរី ចាប់ខ្លួន និង បញ្ជូនទៅឃុំខ្លួន ជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារ ជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ង ចាក់សម្លាប់ ស្រ្ដីវ័យចំណាស់ម្នាក់ ដោយចោទប្រកាន់ថា ជាគ្រូធ្មប់ និង បានធ្វើអំពើ ដាក់ក្រុមគ្រួសាររបស់ខ្លួន នាពេល កន្លងមក ។

ករណីអំពើហិង្សាខាងលើនេះ បានកើតឡើង កាលពីថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅក្នុងភូមិវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់ ចៅក្រមស៊ើបសួរ បានឱ្យដឹងថា: បុរសត្រូវចោទ រូបនេះ មានឈ្មោះ អ៊ូ សុខលាភ អាយុ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។

ចំណែកឯ ជនរងគ្រោះមានឈ្មោះ សឿ សាវ៉េត ភេទស្រី អាយុ ៥៧ឆ្នាំ មុខរបរ កសិករ ។

ទាំងជនជាប់ចោទ និង ជនរងគ្រោះ មានទីលំនៅ ជិតគ្នា នៅភូមិវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

ជនត្រូវចោទត្រូវបាន ជាប់ចោទពីបទ: ប៉ុនប៉ងមនុស្សឃាត តាមបញ្ញត្តិមាត្រា ២៧ និង ១៩៩ នៃ ក្រមព្រហ្មទណ្ឌ។ និង ប្រឈមនឹងការ ត្រូវជាប់ ចន្លោះពី ១០ ទៅ ១០ ឆ្នាំ ប្រសិនបើ តុលាការរកឃើញពី ពិរុទ្ធភាព។

គាត់ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២២ បន្ទាប់ពីគាត់វាយ ជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ត្រូវចំមាត់ និង ករ ព្រមទាំងបានយក កាំបិតចុងស្រួច ចាក់សម្លាប់ ជនរងគ្រោះ ក៏ប៉ុន្តែ ពុំបានសម្រេច នៅចំណុចកើត ហេតុ ខាងលើ៕

ដោយ: លីហ្សា

To Top