ភ្នំពេញ៖ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេ បញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹង លោក ផ្វាម មិញជិញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ខណៈពេលដែល ឯកឧត្តម កំពុងស្នាក់នៅរាជធានីភ្នំពេញ ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ថ្លែងក្នុងជំនួបនេះ លោក ផ្វាម មិញជិញ បានអបអរសាទរចំពោះជោគជ័យ របស់ប្រទេសកម្ពុជា ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានបង្កលក្ខណៈក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ តាមរយៈការជួបប្រជុំដោយផ្ទាល់។ ទន្ទឹមនឹងនេះ លោក នាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរចំពោះលទ្ធផលវិជ្ជមានជាច្រើន នៃទំនាក់ទំនងទ្វេភាគី កម្ពុជា-វៀតណាម ជាពិសេសក្នុងកម្រិតកងទ័ពជើងគោក បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់ លោក មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ទៅកាន់ប្រទេសវៀតណាម កាលពីខែសីហា ឆ្នាំ២០២២ កន្លងទៅ។
ជាមួយគ្នាផងដែរ លោកក៏បានធ្វើការអបអរសាទរ ដល់ដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបានប្រព្រឹត្តទៅនៅក្នុងខែឧសភា កន្លងមក តាមលក្ខណៈប្រជាធិបតេយ្យ និងប្រកបដោយបរិយាកាសសុខសន្តិភាព។ លើសពីនេះ លោក នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏បានសម្តែងនូវការគាំទ្រចំពោះបេក្ខភាពរបស់ លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានាពេលអនាគត។
ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអរគុណ ចំពោះការទទួលបដិសណ្ឋារកិច្ច ស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ភាគីមិត្តវៀតណាម ក្នុងឱកាសនៃការចូលរួមក្នុងកិច្ចប្រជុំពហុភាគី មេបញ្ជាការកងទ័ពជើងគោកអាស៊ាន លើកទី២៣ និងពិធីបិទការប្រកួតបាញ់កាំភ្លើងដៃ កងទ័ពជើងគោកអាស៊ានលើកទី៣០ នៅរដ្ឋធានីហាណូយ ដែលទើបបញ្ចប់ទៅដោយជោគជ័យថ្មីៗនេះ។ ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ ក៏បានអបអរសាទរចំពោះជោគជ័យរបស់ប្រទេសវៀតណាមក្នុងការគ្រប់គ្រង ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយភាពជោគជ័យ ដែលបានបង្កលក្ខណៈក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ និងព្រឹត្តិការណ៍កងទ័ពជើងគោកអាស៊ានទាំងអស់ខាងលើនេះ។ ជាមួយគ្នានេះ លោក ឧត្តមសេនីយ៍ឯក ក៏បានធ្វើការអបអរសាទរ ចំពោះលទ្ធផលវិជ្ជមាននៃដំណើរទស្សនកិច្ចជាផ្លូវការលើកទី១ របស់ លោក នាយករដ្ឋមន្ត្រី នៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសការចុះអនុស្សារណៈនៃការយោគយល់ចំនួន ១១ ដែលជាកត្តាជំរុញឱ្យទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធបន្ថែមទៀត។
ទន្ទឹមនឹងនេះ លោកមេបញ្ជាការកងទ័ពជើងគោក ក៏បានថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការល្អ និងការគាំទ្ររបស់រដ្ឋាភិបាល បក្ស និងប្រជាជនវៀតណាម ដល់ដំណើរការកសាង និងអភិវឌ្ឍនលើគ្រប់វិស័យរបស់កម្ពុជា ក្នុងរយៈកាលកន្លងមក។
លោក នាយករដ្ឋមន្ត្រីវៀតណាម និងលោកមេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក៏បានឯកភាពផងដែរអំពីចំណងមិត្តភាព ជាលក្ខណៈប្រវត្តិសាស្ត្រ រវាងប្រទេសទាំងពីរ ហើយដែលត្រូវពង្រឹង និងពង្រីកឱ្យបានរឹងមាំថែមទៀតលើគ្រប់វិស័យ ជាពិសេសរវាងប្រជាជន និងប្រជាជន ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ, ពាណិជ្ជកម្ម ជាដើម ។ល៕