ព័ត៌មានជាតិ

សម្ដេចតេជោ ស្នើនូវែលសេឡង់នាំចូលអង្ករ និងជំរុញការវិនិយោគលើ វិស័យកសិឧស្សាហកម្ម នៅកម្ពុជា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើដល់លោកស្រី ជេស៊ីនដា អារដឺន (Jacinda Ardern)នាយករដ្ឋមន្ត្រីនូវែលសេឡង់ ឱ្យមានការផ្សារភ្ជាប់ពាណិជ្ជកម្ម កាន់តែខ្លាំងក្លាបន្ថែមទៀត ជាមួយប្រទេសកម្ពុជា ។ សម្ដេចតេជោ ស្នើនាយករដ្ឋមន្ត្រីនូវែលសេឡង់ បង្កើនការនាំចូលអង្ករ និងជំរុញការវិនិយោគលើវិស័យ កសិ-ឧស្សាហកម្មនៅកម្ពុជា ដូចជារោងម៉ាស៊ីនកិនស្រូវជាដើម។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី ជាមួយនាយករដ្ឋមន្ត្រីនូវែលសេឡង់ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះការ បន្តរួមចំណែករបស់នូវែលសេឡង់ ក្នុងការអភិវឌ្ឍធនធានមនុស្ស នៅកម្ពុជារួមទាំងការផ្តល់អាហារូបករណ៍ ដ៏មានសារៈសំខាន់សម្រាប់ មន្ត្រីរដ្ឋាភិបាល និងនិស្សិតកម្ពុជាផងដែរ។

សម្តេចបានថ្លែងអំណរគុណ នូវែលសេឡង់ដែលបានចូលរួមចំណែក ដ៏សំខាន់ក្នុងដំណើរការសន្តិភាពនៅកម្ពុជា និងសម្រាប់ការបន្តផ្ដល់ជំនួយ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា រួមមានវិស័យអប់រំ កសិកម្ម ថាមពលកកើតឡើងវិញ និងការបោសសំអាតមីន។

ជាកិច្ចឆ្លើយតប លោកស្រីនាយករដ្ឋមន្រ្ដី ជេស៊ីនដា អារដឺន បានអបអរសាទរសម្តេចតេជោ នាយករដ្ឋមន្រ្តី ចំពោះភាពជោគជ័យ ក្នុងតួនាទីជាប្រធានអាស៊ាន និងការរៀបចំដ៏ល្អក្នុងការ ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនេះ ព្រមទាំងទទួលស្គាល់ពីការដឹកនាំ ដ៏ឈ្លាសវៃរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ប្រកបដោយជោគជ័យ។

នាយករដ្ឋមន្ត្រីទាំងពីរ បានពិភាក្សាអំពីមធ្យោបាយនានា ក្នុងការពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន ។

ចំពោះទំនាក់ទំនងអាស៊ាន-នូវែលសេឡង់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ លោកស្រី ជេស៊ីនដា អារដឺន ចំពោះការគាំទ្ររបស់នូវែលសេឡង់ សម្រាប់តួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ របស់កម្ពុជា និងបានកោតសរសើរចំពោះកិច្ចខិតខំ របស់នូវែលសេឡង់ក្នុងការ ធ្វើឱ្យកាន់តែស៊ីជម្រៅភាពជាដៃគូ យុទ្ធសាស្ត្រអាស៊ាន-នូវែលសេឡង់ ៕

To Top