ភ្នំពេញ៖ លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រសៀលថ្ងៃទី ១៥ វិច្ឆិកានេះខ្ញុំនឹងវិលត្រឡប់ ទៅកម្ពុជាវិញ ជាមួយគណៈប្រតិភូកម្ពុជា ដោយសារមូលហេតុ សម្តេចតេជោ ប្រមុខដឹកនាំមានលទ្ធផលកូវីដ-១៩វិជ្ជមាន (ដូចសម្តេចលោកបានជម្រាបជូន ក្នុងផេកផ្លូវការព្រឹកមិញ) បន្ទាប់ពីបានធ្វើតេស្ត នៅឥណ្ឌូនេស៊ី កាលពីល្ងាចមិញ។
ពិតណាស់បញ្ហាកូវីដ គឺយើងមើលមិនឃើញទេ ហើយពិភពលោកក៏កំពុងយកចិត្តទុកដាក់រាល់ថ្ងៃ។ ប៉ុន្តែកម្ពុជាយើងទទួលបានការមើលថែពីប្រមុខដឹកនាំយ៉ាងយកចិត្តទុកដាក់បំផុតដែលធ្វើអោយអត្រាឆ្លងនៅទាបបំផុត ហើយជំងឺនេះក៏មិនរាតត្បាតកាចសាហាវខ្លាំងដូចពីមុនដែរ។
ប៉ុន្តែការឆ្លងទោះបីតិចឬច្រើនស្លូតឬកាចគឺត្រូវតែមើលថែព្យាបាលអោយបានល្អបំផុត។ ហេតុដូច្នេះហើយ បានជាសម្តេច សម្រេចចិត្តវិលទៅកម្ពុជាវិញ ដើម្បីសុវត្ថិភាពគណៈប្រតិភូប្រទេសនានា ដែលត្រូវចូលរួមប្រជុំ នៅទីនេះ។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០&៤១ នៅកម្ពុជាកន្លងទៅគឺ មានអ្នកចូលរួមច្រើនមកពីបណ្តាប្រទេសនានា ដែលប្រទេសខ្លះនៅមានអត្រាឆ្លងកូវីដ-១៩ច្រើននៅឡើយ ដែលអាចជាប្រភពចម្លងមកប្រមុខដឹកនាំយើងដែរ។ ពេលមកដល់ប្រទេសឥណ្ឌូនេស៊ីកាលពីល្ងាចមិញ គណៈប្រតិភូត្រូវយកសំណាកធ្វើតេស្តកូវីដ-១៩ទាំងអស់គ្នា។
ទោះបីលទ្ធផលសម្តេចវិជ្ជមាន តែសុខភាពកាយសម្បទារបស់លោកនៅរឹងមាំធម្មតា ហើយបើទោះបីអញ្ជើញធ្វើដំណើរមកក្រៅប្រទេសច្រើនម៉ោងយ៉ាងណាក្តីក៏សម្តេចលោកនៅបន្តធ្វើកិច្ចការបានជាធម្មតា ។
យើងខ្ញុំជាកូនចៅ សូមគោរពជូនពរសម្តេចតេជោមានសុខភាពល្អរឹងមាំជានិច្ច និងឆាប់ជាសះស្បើយដើម្បីជាម្លប់ដឹកនាំកម្ពុជាទទួលបានតែសុខសន្តិភាពនិងរីកចម្រើនរុងរឿង៕
(ហ្វេសប៊ុកផេក ដូង តារា)