ភ្នំពេញ ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា កម្ពុជា នឹងមិនខ្វះភ្លើងប្រើប្រាស់ នៅគ្រប់វិស័យសេដ្ឋកិច្ច ក៏ដូចជាជីវភាព របស់ប្រជាពលរដ្ឋ ខណៈបច្ចុប្បន្ននេះ កម្ពុជា មានថាមពលអគ្គិសនី សម្រាប់ប្រើប្រាស់ចំនួន ៤,២៤៦មេហ្កាវ៉ាត់ ។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុករបស់ក្រសួងរ៉ែ។

ក្នុងកិច្ចសន្ទនា ស្ដីពីការប្រើប្រាស់ ថាមពលអគ្គិសនី សម្រាប់វិស័យកសិកម្ម នាថ្ងៃទី១៤ វិច្ឆិកា លោក ស៊ុយ សែម បានបញ្ជាក់ថា «បច្ចុប្បន្ននេះ កម្ពុជាមានថាមពលអគ្គិសនី សម្រាប់ប្រើប្រាស់ចំនួន ៤,២៤៦ មេហ្កាវ៉ាត់ ខណៈការប្រើប្រាស់ប្រចាំថ្ងៃ ប្រើអស់តែជាង ២,១០០មេហ្កាវ៉ាត់តែប៉ុណ្ណោះ ដែលធ្វើឱ្យកម្ពុជានៅសល់អគ្គិសនី ជាងពាក់កណ្ដាលទៀត ហើយបើងាកទៅមើលការអភិវឌ្ឍន៍ វិស័យអគ្គិសនីនៅកម្ពុជា»។

លោករដ្ឋមន្ដ្រី ក៏បានឱ្យដឹងទៀតថា ក្នុងរយៈពេល ៥ឆ្នាំកន្លងទៅនេះ ដោយឆ្នាំ២០១៨ កម្ពុជាមានអគ្គិសនី ចំនួន ២,៦៥០មេហ្កាវ៉ាត់ ប៉ុន្ដែមកដល់បច្ចុប្បន្ននេះ នៅឆ្នាំ២០២២ កម្ពុជាមានអគ្គិសនីចំនួន ៤,២៤៦មេហ្កាវ៉ាត់ បើគិតជាភាគរយ មានការកើនឡើង៦០%៕
