ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រីស្ដីទី ៖ ខ្មាំងសត្រូវ ក្នុងសម័យសន្តិភាព គឺភាពក្រីក្រ និងល្ងង់ខ្លៅ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រីស្ដីទី បានថ្លែងថា ក្នុងបរិបទប្រទេសកម្ពុជា មានសុខសន្តិភាព ១០០%នោះ ត្រូវខិតខំជម្នះភាពល្ងង់ខ្លៅ និងភាពក្រីក្រ ឱ្យខាងតែបាន។

ក្នុងពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតជ័យលាភី សាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ស្ថិតនៅស្រុកកំចាយមារ ខេត្តព្រៃវែង នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេច ស ខេង មានប្រសាសន៍ថា «ខ្មាំងសត្រូវក្នុងសម័យសន្តិភាព គឺភាពក្រីក្រ និងភាពល្ងង់ខ្លៅ។ អ៊ីចឹង ក្នុងជីវិតរបស់យើង ក្នុងបរិបទដែលប្រទេសជាតិ យើងមានសុខសន្តិភាព មានស្ថិរភាព ១០០% យើងត្រូវខិតខំជម្នះភាពល្ងង់ខ្លៅ និងភាពក្រីក្រ»។ 

សម្ដេច បន្ដថា កម្ពុជាមានថ្នាក់ដឹកនាំ និងធនធានមនុស្សប្រកបដោយសមត្ថភាព និងចំណេះដឹងនេះហើយ បានធ្វើឱ្យការរៀបចំកិច្ចប្រជុំអាស៊ាន ប្រព្រឹត្តទៅជោគជ័យ។ 

លើសពីនេះ សម្ដេច ក៏បង្ហាញនូវមោទកភាពជាតិ ចំពោះភាពជោគជ័យ នៃការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននេះ របស់កម្ពុជា ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ក្នុងនោះ ក៏បង្ហាញឱ្យឃើញពីស្នាដៃ កងកម្លាំងចម្រុះក្នុងការថែរក្សាការសន្តិសុខ និងសណ្ដាប់ធ្នាប់ និងការចូលរួមគាំទ្រ ពីប្រជាពលរដ្ឋ ដូចជាការបិទចរាចរណ៍ជាដើម។

សម្ដេច បន្តថា តាមរយៈភាពជោគជ័យនេះ កម្ពុជានឹងសម្រេចវឌ្ឍនភាពផ្សេងៗទៀត៕

To Top