ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានស្នើឱ្យលុបបំបាត់ការភ័ន្ដច្រឡំ ឬវិភាគណាមួយ ក្នុងចេតនារារាំងសម្តេច មិនឱ្យចូលរួមក្នុងកិច្ចប្រជុំG20 នៅប្រទេសឥណ្ឌូនេស៊ី និងកិច្ចសន្ទនាAPEC ក្នុងប្រទេសថៃ។
នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានតេស្តឃើញវិជ្ជមានកូវីដ១៩ នៅប្រទេសឥណ្ឌូនេស៊ី ធ្វើឱ្យសម្តេច ខកខានចូលរួមកិច្ចប្រជុំកំពូលG20 នៅកោះបាលី និងកិច្ចសន្ទនាក្រៅផ្លូវការ APEC នៅក្រុងបាងកក ផងដែរ។
តាមរយៈសារសំឡេង នាយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់អ្នកវិភាគខ្លះលើកឡើងថា តើនេះអាចជាឧបាយកលនៃប្រទេសខ្លះ? មិនចង់ឱ្យ សម្ដេច មានវត្តមានក្នុងការប្រជុំ G20 ដែរឬទេ?។
សម្ដេចតេជោ បន្ដថា ប្រធានាធិបតីឥណ្ឌូនេស៊ី និងនាយករដ្ឋមន្ត្រីថៃ គឺសុទ្ធតែចង់បានវត្តមាន សម្តេច ក្នុងកិច្ចប្រជុំទាំងពីរខាងលើនេះណាស់។
សម្ដេច នាយករដ្ឋមន្ដ្រី បានថ្លែងបញ្ជាក់ថា «ពិតណាស់ គ្មាននរណាមានបំណង ដើម្បីឱ្យខ្ញុំព្រះករុណាខ្ញុំ មិនមានវត្តមាននៅក្នុងកិច្ចប្រជុំG20 នៅឯឥណ្ឌូនេស៊ី ទាំងការប្រជុំ APEC នៅឯប្រទេសថៃនោះឡើយ។ ខ្ញុំសូមឱ្យបំបាត់ចោលនូវការភ័ន្តច្រឡំ ឬការវិភាគណា ដែលនាំទៅដល់ផ្លូវនេះតែម្ដង ព្រោះថា ប្រធាន G20 គឺប្រទេសឥណ្ឌូនេស៊ី ចង់ណាស់ឱ្យមានវត្តមានប្រធានអាស៊ាន គឺករុណាខ្ញុំ ទៅទីនោះ ហើយប្រទេសថៃដែលជាម្ចាស់ផ្ទះកិច្ចប្រជុំ APEC ពិតជាចង់ណាស់ ចង់ ឱ្យករុណាខ្ញុំ មានវត្តមាននៅទីនោះ»។
សូមរំលឹកថា ក្រោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន តេស្ដឃើញជំងឺកូវីដ-១៩ នៅប្រទេសឥណ្ឌូនេស៊ីនោះ នៅយប់ថ្ងៃទី១៥ វិច្ឆិកា នេះ សម្ដេចតេជោ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ៕