ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បិទវគ្គហ្វឹកហ្វឺនពិសេសបំប៉នជំនាញ ការពារព្រំដែនគោក ឆ្នាំ២០២២

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជើញចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនពិសេស បំប៉នជំនាញការពារព្រំដែនគោក ឆ្នាំ២០២២ នាខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក សូមចូលរួមអបអរសាទរ​ ចំពោះការបិទបញ្ចប់វគ្គ និងសូមសម្តែងនូវការកោតសរសើរ ចំពោះលទ្ធផលដ៏ល្អគួរជាទីមោទនៈនៃ “វគ្គហ្វឹកហ្វឺនពិសេសបំប៉នជំនាញ ការពារព្រំដែនគោកឆ្នាំ២០២២” ដែលពិតជាបានឆ្លើយតប តាមសេចក្តីត្រូវការក្នុងពង្រឹង និងពង្រីកសមត្ថភាពជំនាញ ជូនដល់យោធិន ស្របតាមផែនការហ្វឹកហ្វឺន កងយោធពលខេមរភូមិន្ទ និងផែនការហ្វឹកហ្វឺនប្រចាំឆ្នាំ របស់កងទ័ពជើងគោក។ មួយវិញទៀត សមិទ្ធផលក្នុងថ្ងៃនេះ ក៏បានបំពេញតម្រូវការលើការខ្វះខាត ធនធានមនុស្សរបស់បណ្តាយោធភូមិភាគ និងស្ថាប័នជំនាញ ខណៈដែលការបំប៉ន លើជំនាញទាំងនេះ ត្រូវបានអាក់ខានអស់រយៈពេល ០២ កន្លងមកហើយ ដោយសារបញ្ហាជំងឺកូវីដ-១៩។

ផ្អែកលើលទ្ធផលជាក់ស្តែងក្នុងថ្ងៃនេះ សូមថ្លែងអំណរគុណ ចំពោះការិយាល័យការពារព្រំដែន បញ្ជាការដ្ឋានកងទ័ពជើងគោក, គណៈគ្រប់គ្រងវគ្គ និងយោធាចារ្យ ព្រមទាំងសាលាពលទី៣ យោធភូមិភាគីទី៣ ដែលបានសហការ និងសម្របសម្រួលរៀបចំដំណើរការ វគ្គហ្វឹកហ្វឺននេះប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់។

លោកឧត្តមសេនីយ៍ ក៏សូមចូលរួមអបអរសាទរ និងកោតសរសើរចំពោះសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់រៀនសូត្រ រហូតទទួលបានជោគជ័យ បញ្ចប់វគ្គក្នុងពេលនេះ។ ជោគជ័យនេះ គឺកើតចេញពីឆន្ទៈចង់សិក្សារៀនសូត្រ និងការតស៊ូជម្នះការលំបាកគ្រប់បែបយ៉ាង ដោយនេះហើយ គឺជាមោទនភាព សម្រាប់សិក្ខាកាមបញ្ចប់វគ្គគ្រប់ៗរូប ដែលនឹងប្រើប្រាស់ជំនាញ ចំណេះដឹង និងបទពិសោធន៍ ទទួលបានពីវគ្គហ្វឹកហ្វឺននេះ សម្រាប់យកទៅអនុវត្ត បំពេញរាល់ភារកិច្ចនៅតាមបណ្តាកងឯកភាព ឱ្យទទួលបានជោគជ័យ និងកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោក បន្ថែមថា ការងារហ្វឹកហ្វឺន គឺជាជ្រុងអាទិភាពមួយនៃការកែទម្រង់ កងយោធពលខេមរភូមិន្ទ។ រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានដាក់ចេញនូវផែនការកែទម្រង់ កងយោធពលខេមរភូមិន្ទ សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈកងទ័ព ដើម្បីធានាការពារប្រកបដោយប្រសិទ្ធភាពនូវឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ។ កងយោធពលខេមរភូមិន្ទជាបណ្តើរៗ បានធ្វើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលយោធិនអាជីព និងការបង្កើនគុណភាពហ្វឹកហ្វឺន បំប៉នជំនាញឯកទេស ស្របទៅតាមស្ថានភាព និងតម្រូវការនៃសំណូមពរភារកិច្ច ចំពោះមុខរបស់អង្គភាពនីមួយៗ ក៏ដូចជាទិសដៅទស្សនវិស័យ នៃដំណើរការកែទម្រង់ទាំងមូល។

លោក ក៏សូមគាំទ្រឱ្យកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដី នៅតាមបណ្តោយព្រំដែនបន្ត សហការគ្នាឱ្យបានកាន់តែល្អប្រសើរ ក្នុងការគ្រប់គ្រងការចេញចូល ឆ្លងកាត់ព្រំដែន ដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសឆ្លងកាត់ព្រំដែន គ្រប់ប្រភេទ និងសូមផ្ដាំផ្ញើដល់បងប្អូនទាំងអស់ ដែលកំពុងឈរជើងតាមបណ្តោយព្រំដែន ត្រូវយកចិត្តទុកដាក់លើការការពារសុខភាព ខណៈដែលតំបន់មួយចំនួនមានធាតុឤកាសត្រជាក់ នៅក្នុងរដូវកាលខែកត្តិកនេះ៕

To Top