ព័ត៌មានជាតិ

រដ្ឋមន្ដ្រីក្រសួងបរិស្ថាន អំពាវនាវឱ្យប្រទេស បញ្ចេញឧស្ម័នផ្ទះកញ្ចក់ខ្ពស់ បង្ហាញភាពជាអ្នកដឹកនាំ និងទទួលខុសត្រូវ

" "

ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន បានអំពាវនាវឱ្យ ប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ខ្ពស់ ត្រូវបង្ហាញភាពជាអ្នកដឹកនាំ និងទទួលខុសត្រូវ តាមរយៈការបង្កើនមហិច្ឆតា កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបង្កើនវិធានការបន្ស៊ាំ នឹងការប្រែប្រួលអាកាសធាតុ។

នាឱកាសអញ្ជើញថ្លែងសុន្ទរកថា ក្នុងសន្និសីទកំពូលលើកទី២៧ នៃបណ្តាភាគីអនុសញ្ញា ក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ នាថ្ងៃទី១៥ វិច្ឆិកា នៅទីក្រុង Sharm el-Sheikh ប្រទេសអារ៉ាប់អេហ្ស៊ីប លោក សាយ សំអាល់ បានថ្លែងឱ្យដឹងថា ដោយសារសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ២ទស្សវត្សចុងក្រោយ កម្ពុជាបានប្រែក្លាយពីប្រទេសចំណូលទាប ទៅជាប្រទេសចំណូលមធ្យមកម្រិតទាប និងកំពុងវិវឌ្ឍទៅជាប្រទេស ចំណូលមធ្យមកម្រិតខ្ពស់ ដែលប្រការនេះបានផ្តល់ឱកាស ឱ្យកម្ពុជាបើកទំព័រថ្មី ក្នុងនាមជារដ្ឋអធិបតេយ្យ ជាសមាជិកពេញមុខពេញមាត់ នៃសហគមន៍ប្រជាជាតិ ក្នុងការចូលរួមទប់ស្កាត់វិបត្តិសកលនានា។

" "

លោក បន្ដថា ស្របពេលជាមួយគ្នានេះ ការប្រែប្រួលអាកាសធាតុ កំពុងញាំញីដល់ដំណើរការអភិវឌ្ឍន៍ ដោយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទ្រព្យសម្បត្តិ និងជីវិតមនុស្ស សត្វ។ ជាការឆ្លើយតបកម្ពុជា បានធ្វើបដិភាគថវិកាប្រមាណ ២,៣% នៃផលិតផលក្នុងស្រុកសុរប (GDP) សម្រាប់សកម្មភាពប្រែប្រួលអាកាសធាតុ បង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ ការពារព្រៃឈើ និងរៀបចំលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ ផែនការនានា ជាអាទិ៍៖ យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយអព្យាក្រឹតកាបូន និងរបាយការណ៍បច្ចុប្បន្នភាព ការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ដែលនឹងរួមចំណែកគាំទ្រការអភិវឌ្ឍ ប្រកបដោយចីរភាព បើទោះជាមានការប្រែប្រួលអាកាសធាតុក្តី។

" "

លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា «អំពាវនាវឱ្យប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ខ្ពស់ ឱ្យបង្ហាញភាពជាអ្នកដឹកនាំ និងទទូលខុសត្រូវខ្ពស់ដោយបង្កើន មហិច្ឆតាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបង្កើនវិធានការបន្ស៊ាំនឹង ការប្រែប្រួលអាកាសធាតុ ជាពិសេសការប្តេជ្ញាចិត្តផ្តល់ថវិកា ១០០ពាន់លានដុល្លារសហរដ្ឋអាមេរិក ដូចដែលបានសន្យា ឱ្យបានលឿននិងជាក់ស្តែង និងពន្លឿនការផ្ទេរបច្ចេកវិទ្យា ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ»។

លោក បន្ថែមថា ជាមួយគ្នានេះដែរក្នុងនាម ជាប្រធានអាស៊ានប្តូរវន កម្ពុជាបានផ្តួចផ្តើម កិច្ចព្រមព្រៀងបៃតង (ASEAN Green Deal) ដែលជាគំនិតផ្តួចផ្តើម ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីតម្រង់ទិសអាស៊ានឱ្យស្ថិតនៅ លើមាគ៌ាអភិវឌ្ឍន៍បៃតង និងដោយចីរភាព ៕

To Top