ព័ត៌មានជាតិ

ឃុំខ្លួនស្រ្តីពាណិជ្ជករម្នាក់ ពាក់ព័ន្ធការចេញសែកស្អុយ ៥៥ ម៉ឺនដុល្លារ

ភ្នំពេញ: ស្ត្រីពាណិជ្ជករត្រូវចោទម្នាក់ កាលពីថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២២នេះ ត្រូវបានចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ សម្រេចធ្វើការ ឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ដោះស្រាយតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការចេញសែកស្អុយ ចំនួន៥៥ម៉ឺនដុល្លារអាមេរិក ដើម្បីទូទាត់ ប្រាក់ជំពាក់ ពី បុរសរកស៊ីចង់ការប្រាក់ ម្នាក់ ប្រព្រឹត្ត កាលពីខែ មីនា ឆ្នាំ ២០២២ នៅក្នុងរាជធានីភ្នំពេញ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នរបស់ចៅក្រមស៊ើបសួរ បានឱ្យដឹងថា: ជនត្រូវចោទ រូបនេះ មានឈ្មោះ ហេង ណារ៉េត ភេទ ស្រី អាយុ ៥០ ឆ្នាំ មុខរបរពាណិជ្ជករ មានទីលំនៅ សង្កាត់បឹងត្របែក ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។

ចំណែកឯ ភាគីដើមបណ្ដឹង មានឈ្មោះ ហាវ ច័ន្ទថារិទ្ធ ភេទ ប្រុស អាយុ ៣៧ ឆ្នាំ មានទីលំនៅ សង្កាត់បឹងស្រឡាង ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនត្រូវចោទត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ: មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន និង ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២២៕ ដោយ: លីហ្សា

To Top