ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីវឌ្ឍនភាពនៃដំណោះស្រាយ ចំពោះបញ្ហាស្រូវធ្លាក់ថ្លៃ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ។ ដោយក្នុងនោះដោយមានការសហការពី ឧកញ៉ា ភូ ពុយ អគ្គនាយកនៃរោងម៉ាស៊ីនកិនស្រូវបៃតង បានកំណត់នូវថ្លៃធានាទិញគោល សម្រាប់ស្រូវផ្ការំដួលប្រភេទលេខ១ មិនឱ្យក្រោម ១០៤០រៀល/គីឡូក្រាម។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្រោយពីបានជួបប្រជុំពិភាក្សា និងបានចុះទៅពិនិត្យដល់ទីតំាងជាក់ស្តែង លោកឧកញ៉ា ភូ ពុយ អគ្គនាយកនៃរោងម៉ាស៊ីនកិនស្រូវបៃតង បានស្មគ្រចិត្តចូលរួមសហការ ជាមួយរាជរដ្ឋាភិបាលដោយ ក្នុងការដាក់ចេញនូវគោលការណ៍ រក្សាស្ថេរភាពថ្លៃស្រូវ ដោយបានកំណត់នូវថ្លៃធានាទិញគោល សម្រាប់ស្រូវផ្ការំដួលប្រភេទលេខ១ មិនឱ្យក្រោម ៩បាត/គីឡូក្រាម ឬ ១០៤០រៀល/គីឡូក្រាម ចាប់ពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។
ទន្ទឹមគ្នានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយរដ្ឋបាលឃុំ ដើម្បីផ្សព្វផ្សាយពីថ្លៃកំណត់ខាងលើ ព្រមទាំងចាត់ឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ចុះតាមដាន ការអនុវត្តនេះដោយមិនឱ្យប្រជាកសិករយើងបាត់បងផលប្រយោជន៍ ដោយគ្មានហេតុផលនោះឡើយ។
ក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិស័យឯកជនពាក់ព័ន្ធដែលមាន លោកឧកញ៉ា ភូ ពុយ ជាអ្នកជាអ្នកធានាអនុវត្តគោលការនេះ នឹងបន្តការងារទៅខេត្តបន្ទាយមានជ័យទៀត ៕