ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយព័ត៌មានដើមអម្ពិល និងជាប្រធានសមាគម អ្នកការសែត កម្ពុជា-ចិន បានលើកឡើងជាមតិថា លោក សម រង្ស៊ី ដែលកំពុងជាប់ឈ្មោះជាជនក្បត់ជាតិ៣ជំនាន់ គួរតែបណ្ដុះបណ្ដាលកូន ឱ្យធ្វើនយោបាយ តតាំងជាមួយលោកបណ្ឌិត ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្ដេចតេជោ ហ៊ុន សែន និងជាបេក្ខភាពបន្តវេននាយករដ្ឋមន្រ្តី នាថ្ងៃអនាគត ទើបហៅថាជាអ្នកប្រឆាំងអាជីព។
ការលើកឡើងរបស់លោក សយ សុភាព បែបនេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី តែងតែបង្កើតនូវព្រឹត្តិការណ៍ និងវោហាសាស្រ្ត តាមវាយប្រហារ ជាច្រើនលើកច្រើនសារចាប់តាំងពីលោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បានជ្រើសតាំងរូបលោក ជាបេក្ខភាពបន្តវេននាយករដ្ឋមន្រ្តី សម្រាប់ថ្ងៃអនាគត។
នៅលើគណនីហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា «យកល្អគួរបណ្តុះបណ្តាលកូនៗ ឱ្យក្លាយជាអ្នកប្រឆាំងជ្រុលនិយមទៅ ដើម្បីស្នងត្រកូល«សម» ទល់នឹងត្រកូល«ហ៊ុន» ដែលកំពុងកាន់កិច្ចការប្រទេសជាតិ»។
លោកបន្ថែមថា មនុស្សចាស់ មកប្រឆាំងទល់កូនក្មេង គេថា មនុស្ស «ឡប់សតិឬឆ្កួតប្រាំពីរសណ្តាន» ដែលមិនមានពេទ្យវិកលចរិក អាចព្យាបាលបាន។
លោកថា លោក សម រង្ស៊ី បានធ្វើនយោបាយតតាំង ជាមួយសម្ដេចតេជោ ហ៊ុន សែន រដ្ឋបុរសសន្តិភាពនៃកម្ពុជា មិនឈ្នះ រហូតដល់ថ្នាក់តាមឈ្នានីស លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពបន្តវេន នាយករដ្ឋមន្រ្តីនាថ្ងៃអនាគត បន្ថែមទៀត។ លោកថា សព្វថ្ងៃ លោក សម រង្ស៊ី បានជាប់ឈ្មោះ ជាជនក្បត់ជាតិជំនាន់ទី៣ រួចស្រេចទៅហើយ។
ជុំវិញករណីនេះ លោក សយ សុភាព បានប្រាប់ទៅកាន់លោក សម រង្ស៊ី ថា «គួរបណ្តុះកូន ឱ្យមកប្រកួតជាមួយលោកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឆាកនយោបាយមួយ បានហៅថាអ្នកប្រឆាំងអាជីព» ។
លោក សយ សុភាពសង្កត់ធ្ងន់ថា «មនុស្សចាស់ប្រភេទនេះ គេហៅថាមនុស្សឆ្កួត ចាប់កំណើតមកពី ឋាននរក»៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
