ព័ត៌មានជាតិ

មន្រ្តីបង្ហាញ​ ការព្រួយបារម្ភ ពីកំណើន អ្នកស្លាប់ និងរបួស ដោយសារគ្រោះថ្នាក់ ចរាចរណ៍

ភ្នំពេញ ៖ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បង្ហាញថា នៅក្នុងរយៈពេល១៥ថ្ងៃ ក្នុងខែវិច្ឆិកានេះ អត្រារបួស និងស្លាប់ដោយសារ គ្រោះថ្នាក់ចរាចរណ៍ កើនឡើងគួឱ្យព្រួយបារម្ភ ។

លោកស្រី មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និង ដឹកជញ្ជូន និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្ពុជា បានលើកឡើងនៅក្នុងសិក្ខាសាលា ពង្រឹងសមត្ថភាពសុវត្ថិភាព ចរាចរណ៍ផ្លូវគោកនៅកម្ពុជា  នៅព្រឹកថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២២នេះថា បន្ទាប់ពី រាជរដ្ឋាភិបាល ទទួលជោគជ័យក្នុងការគ្រប់គ្រងទប់ស្កាត់បាននូវការរីករាល ដាលជំងឺកូវីដ-១៩ និងបានបើក ប្រទេសឡើងវិញ លើគ្រប់វិស័យ តាំងពីខែតុលាឆ្នាំ២០២១នោះ ការធ្វើចរាចរណ៍ទូទាំងប្រទេស ក៏ចាប់ផ្ដើម មានភាពមមាញឹក យ៉ាងខ្លាំង ហើយស្ថានភាព គ្រោះថ្នាក់ ចរាចរណ៍រយៈពេល ៩ខែដើម ឆ្នាំ២០២២ នេះ មានសភាពធ្ងន់ធ្ងរ ដោយចំនួន អ្នកស្លាប់ និងអ្នករបួស ដោយគ្រោះថ្នាក់ចរាចរណ៍ មានការកើនឡើងធៀប នឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ គឺគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន ២២៨៦ លើក កើនឡើង២១% អ្នកស្លាប់ចំនួន១៣៤២នាក់កើន ឡើង២៧% អ្នករបួសធ្ងន់ ២០០៤នាក់ កើន២៨% របួសស្រាល២៣៩១នាក់កើន១៤% ។

លោកស្រីថា បើយោងតាមរបាយការណ៍ របស់អគ្គស្នងការនគរបាលជាតិ គិតត្រឹមរយៈពេល១៥ថ្ងៃក្នុងខែវិច្ឆិកា ឆ្នាំ២០២២នេះ មានអ្នកស្លាប់ចំនួន ៧០នាក់ បើធៀបនឹង ១៥ថ្ងៃ នៃខែតុលា ឆ្នាំ២០២២ នេះដែល មានត្រឹម៤៦នាក់ កើន២៤នាក់ ស្មើ៥២% ។ ដែលចំនួនអ្នកស្លាប់កើនឡើង គួឱ្យព្រួយបារម្ភ ។

លោកស្រីបន្ថែមថា គ្រោះថ្នាក់ចរាចរណ៍ ដែលមានសភាពធ្ងន់ធ្ងរ បណ្តាលឱ្យបាត់បង់ ជីវិតមនុស្ស ឬរបួសពិការ យ៉ាងអាណោចអាធម រួមជាមួយនឹងការខូចខាត ទ្រព្យសម្បត្តិរដ្ឋ និងឯកជន យ៉ាងច្រើន បន្សល់ទុកនូវកូនកំព្រា ស្ត្រីមេម៉ាយ ពិការភាព សោកនាដកម្ម និងផលវិបាកជាច្រើន លើសង្គមកម្ពុជា និង សង្គមជាតិនានាទូទាំងពិភពលោក រួមទាំងប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរការនៃការដឹកជញ្ជូន ដែលជាដង្ហើមរស់របស់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ ។ ដូច្នេះហើយទើប អង្គការសហប្រជាជាតិ បាន ផ្ដល់អនុសាសន៍ ឱ្យគ្រប់ប្រទេសជាសមាជិក ដាក់ចេញនូវផែនការទសវត្សរ៍ ចរាចរណ៍លើកទី១ពីឆ្នាំ២០១១ ដល់២០២០ ដោយតម្រូវឱ្យខិតខំកាត់ បន្ថយយ៉ាងណាឱ្យបាន៥០% ដែលសម្រាប់កម្ពុជាគឺ ប្រមាណ ៧៣៥០នាក់ នៃចំនួនប៉ាន់ស្មាន រួម១៤៧០០នាក់។ប៉ុន្តែកម្ពុជាកាត់បន្ថយបានតែ ជាង៤៧២០នាក់ ស្មើនឹង៦៤% នៃ៥០% ប៉ុន្តែបើធៀបនឹង ចំនួនសរុបរួមគឺបានតែ ៣១%តែប៉ុណ្ណោះ ។

ដូចនេះលោកស្រី បានសំណូមពរ សុំឱ្យសិក្ខាកាមទាំងអស់ ខិតខំត្រងត្រាប់ និងផ្លាស់ប្តូរផ្ដល់យោបល់ ដកស្រង់យកចំណេះដឹងថ្មីៗ ដើម្បីពង្រឹងសមត្ថភាព ក្នុងការទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឱ្យបានតាមផែនការជាតិ ទសវត្សរ៍សុវត្ថិភាពចរាចរណ៍ ជាមួយនឹងការបន្តជួយអប់រំផ្សព្វផ្សាយ ឱ្យអ្នកនៅជុំវិញខ្លួនខិតខំប្រុងប្រយ័ត្ន ក្នុងការធ្វើដំណើរ ជៀសផុត ពីគ្រោះថ្នាក់ចរាចរណ៍ ។

ចំណែកលោក Weimin Ren ប្រធានផ្នែកដឹកជញ្ជូន នៃ UNESCAP បានថ្លែងថា សុវត្ថិភាពចរាចរណ៍ នៅតែជាបញ្ហាប្រឈមដ៏ចម្បង មួយសម្រាប់កម្ពុជា ។ នៅក្នុងតំបន់ របស់យើង ៩៧% នៃអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅ ក្នុងប្រទេសដែល មានប្រាក់ចំណូលមធ្យម ជាមួយនឹង អ្នកប្រើប្រាស់ផ្លូវ ដែលជាជនងាយរងគ្រោះ រួមមាន អ្នកជិះម៉ូតូ ថ្មើរជើង និងអ្នកជិះកង់ ដែលមានចំនួនច្រើនជាង ៥០% ។ លោកសង្ឃឹមថា សិក្ខាសាលា ពង្រឹងសមត្ថភាព ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅកម្ពុជានាឱកាសនេះ នឹងផ្ដល់ឱកាសដើម្បីពិភាក្សា អំពីបញ្ហាសុវត្ថិភាពចរាចរណ៍ និងបញ្ហាប្រឈមនានា ក្នុងប្រទេសកម្ពុជា និងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កម្ពុជាក្នុងការអនុវត្តផែនការ ថ្នាក់តំបន់បន្ថែមទៀត នៅថ្នាក់ជាតិ៕

To Top