ព័ត៌មានជាតិ

ថាមពល​ អាកាសធាតុ​ និងបរិស្ថាន​ គឺជាបញ្ហាប្រឈមជាកញ្ចប់​ សម្រាប់មនុស្សជាតិ នៅក្នុងសម័យកាលថ្មី

ភ្នំពេញ៖ លោក ស៊ុយ សែម រដ្ឋមន្រ្ដីក្រសួងរ៉ែ​ និងថាមពល បានលើកឡើងថា បញ្ហាថាមពល​ បញ្ហាអាកាសធាតុ​ និងបញ្ហាបរិស្ថាន​ គឺជាបញ្ហាប្រឈមជាកញ្ចប់​ សម្រាប់មនុស្សជាតិ នៅក្នុងសម័យកាលថ្មីនេះ។

ការលើកឡើងរបស់លោករដ្ឋមន្រ្តី បែបនេះធ្វើឡើងក្នុងឱកាសអញ្ជើញដឹកនាំ គណៈប្រតិភូក្រសួង​ចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា​ ស្តីពី ​”កិច្ចសហប្រតិបត្តិការបច្ចេកទេស ក្នុងវិស័យថាមពលព្រះអាទិត្យ​ និងបច្ចេកវិទ្យាទំនាក់ទំនង និងព័ត៌មានវិទ្យា”​ រវាងក្រសួងរ៉ែនិងថាមពល​ និងក្រុមហ៊ុន ហួវៃថេកណូឡូជី (ខេមបូឌា)។

គោលបំណងនៃអនុស្សរណៈ នៃការយោគយល់​ គឺដើម្បីធ្វើកិច្ចសហប្រតិបត្តិការ សំខាន់ចំនួន​ ០៧​ រួមមាន៖
១. សិក្សាស្ដង់ដារបច្ចេកទេសសុវត្ថិភាព និងការសម្របសម្រួលថាមពលពន្លឺព្រះអាទិត្យជាមួយប្រព័ន្ធបណ្ដាញដើម្បីការការពារសិ្ថរភាពនៃបណ្ដាញអគ្គិសនី
២. សិក្សាបច្ចេកទេសវិទ្យាប្រព័ន្ធអាគុយផ្ទុកថាមពល(Battery Energy Storage System) និងកំណត់ភាគរយសមស្របនៃប្រព័ន្ធអាគុយផ្ទុកថាមពលនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដល់បណ្ដាញអគ្គិសនី
៣. សិក្សាប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យទោលដែលមិនភ្ជាប់ជាមួយបណ្ដាញអគ្គិសនី ជាពិសេសសម្រាប់បណ្ដាភូមិ និងកោះដែលមិនទាន់មានចរន្ដអគ្គិសនីទៅដល់
៤. សិក្សាប្រព័ន្ធគ្រប់គ្រងថ្នាក់ជាតិលើស្ថានីយថាមពលពន្លឺព្រះអាទិត្យទាំងមូល ដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងស្ថានីយថាមពលពន្លឺព្រះអាទិត្យទាំងអស់
៥.​ សិក្សាបច្ចេកវិទ្យាប្រសិទ្ធភាពថាមពល និងដំណោះស្រាយ
៦. សិក្សាបច្ចេកវិទ្យាទំនាក់ទំនង និងព័ត៌មានវិទ្យា បច្ចេកវិទ្យាឌីជីថល និងដំណោះស្រាយផ្សេងៗ និង
៧. សិក្សាលើករណីដែលកើតមាននៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកដើម្បីពង្រឹងសមត្ថភាពសម្រាប់ភាពជាដែគូ។

ក្នុងឱកាសនេះ លោក ស៊ុយ សែម បានមានប្រសាសន៍ថា បរិយាការណ៍នេះ​ ឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាំបាច់ ក្នុងការធ្វើបដិវត្តន៍ថាមពល ឱ្យបានលឿន​ និងប្រកបដោយយុត្តិធម៌និងសមធម៌​ ដើម្បីផ្លាស់ប្តូរពីការផលិត​ និងការប្រើប្រាស់ថាមពល ដែលបញ្ចេញកាបូនច្រើន ទៅក្នុងបរិយាកាស​ ឆ្ពោះទៅការផលិតនិងប្រើប្រាស់ ថាមពលកកើតឡើងវិញ​ និងអនុវត្តវិធានការប្រសិទ្ធភាពថាមពល​ ដោយរក្សានូវការផ្គត់ផ្គង់ថាមពលមួយ ដែលនៅតែមានភាពគ្រប់គ្រាន់​ មានគុណភាព​ អាចជឿទុកចិត្តបាន​ និងមានថ្លៃសមរម្យ៕

To Top