ព័ត៌មានជាតិ

ឃាត់ខ្លួនស្ត្រីអ្នកជំនួញ ឈ្មោះពេជ្រ ស្រីមុំ ជាលើកទី២ ជាប់ពាក់ព័ន្ធការចេញសែកស្អុយ

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២២ នេះ បានធ្វើការឃាត់ខ្លួន ស្ត្រីអ្នកជំនួញ បែប
ហាយសូរម្នាក់ ឈ្មោះ ពេជ្រ ស្រីមុំ ជាលើកទី២ ជាប់ពាក់ព័ន្ធនឹងបទល្មើសចេញសែកស្អុយ ។

ការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើង នៅចំណុចផ្ទះលេខ៤ដេ ផ្លូវដាវីន បុរី វរជន ស្ថិតនៅ ក្នុងតំបន់កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា: ការឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ ពេជ្រ ស្រីមុំ នេះ ត្រូវបានធ្វើឡើងតាមដីកាបញ្ជាអោយចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ជាព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ ចុះកាលបរិច្ឆេទ លេខ ៤៨០ អ.យ.ក ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងបទល្មើស មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជូនដូរបាន ( ឬចេញសែកស្អុយ)។

គួររំលឹកថាៈ កាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២២ ឈ្មោះ ពេជ្រ ស្រីមុំ ក៏ធ្លាប់ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនផងដែរ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោកព្រះរាជអាជ្ញា ច្រឹង ខ្មៅ ជាប់ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន នូវ ទឹកប្រាក់ ប្រមាណ ៨សែនដុល្លារ តាមពាក្យបណ្តឹងរបស់ឈ្មោះ លឹម ហ៊ួរនីតូ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ ពាណិជ្ជករ។

ក៏ប៉ុន្តែ នាងត្រូវបានដោះលែង អោយស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន នាពេលនោះ ៕ ដោយ: លីហ្សា

To Top