ព័ត៌មានជាតិ

ផ្តន្ទាទោសអតីតមន្ត្រីធនាគារកាណាឌីយ៉ា និង គូកន ៧ នាក់ ជាប់គុក២ឆ្នាំ ពាក់ព័ន្ធនឹងការកិបកេងលុយ ៨លានដុល្លារអាមេរិក ពីធនាគារ

ភ្នំពេញ: លោកហុក ពៅ ជាចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២២នេះ បានប្រកាសសាលក្រម និង ផ្តន្ទាទោស ជនជាប់ចោទ ប្រុស-ស្រី ចំនួន ៧នាក់ ដែលជា អតីតមន្ត្រីធនាគារកាណាឌីយ៉ា និង មន្ត្រីរាជការ ដាក់គុក ក្នុងម្នាក់ៗ កំណត់ ២ឆ្នាំ និង៦ខែ ពាក់ព័ន្ធនឹងការកិបកេងលុយ ៨ លានដុល្លារអាមេរិក ពីរធនាគារកាណាឌីយ៉ា ។

លោកចៅក្រមក៏បានបង្គាប់ឱ្យ ជនជាប់ចោទទាំង៧នាក់ ត្រូវ រួមគ្នា សងលុយ ដែលបានកិបកេង ចំនួន ៨លាន ដុល្លារអាមេរិក អោយទៅធនាគារកាណាឌីយ៉ា វិញ ព្រមទាំង ត្រូវសងជម្ងឺចិត្ត ក្នុងម្នាក់ៗ ចំនួន ៣០ លានរៀលផងដែរ។

យោងតាមការប្រកាសសាលក្រមរបស់លោកចៅក្រមហុក ពៅ បានឱ្យដឹងថា: ជនជាប់ចោទទាំង៧នាក់ខាងលើនេះ មានឈ្មោះ: ថោង សុឆាយ ,ស៊ុំ ហៀង ,ចាន់ ស៊ីមន្តា, ទៀង វឌ្ឍននារីរតន៍ , សំ សុវណ្ណាចរិយា, សាធ រចនា , និង ឈ្មោះ នុត បញ្ញសុជាតា។

ពួកគេត្រូវបានជាប់ចោទពីបទ:រំលោភលើទំនុកចិត្តដោយអភិបាល ឬ បុគ្គលផ្សេងទៀត និង សមគំនិត តាមបញ្ញត្តិមាត្រា ២៩ និង ៣៩៣ នៃ ក្រមព្រហ្មទណ្ឌ និង ត្រូវបានចាប់ឃាត់ខ្លួន កាលពីអំឡុងឆ្នាំ ២០២០៕ដោយ: លីហ្សា

To Top