ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ នឹងខិតខំប្រឹងប្រែងឱ្យអស់ ពីលទ្ធភាព ដើម្បីស្វែងរកយុត្តិធម៌ ជូនប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ ដែលត្រូវបានសហរដ្ឋអាមេរិក ធ្វើការឃាត់ខ្លួន ក្នុងកំឡុងពេលបំពេញបេសកកម្ម នៅក្រៅប្រទេស។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រសួងកសិកម្ម មានការភ្ញាក់ផ្អើលនិងក្ដីទោមនស្សយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ ត្រូវបាន ឃាត់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ឌេឌី ក្នុងរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក អំឡុងពេល លោកកំពុងរង់ចាំ បន្តដំណើរទៅចូលរួមកិច្ចប្រជុំ អនុសញ្ញាការពារសត្វនិងរុក្ខជាតិជិតផុតពូជ CITES (សាយតេស) នៅប្រទេស ប៉ាណាម៉ា។
តាមការប្រកាសចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ លើគេហទំព័ររបស់ក្រសួងយុត្តិធម៌ សហរដ្ឋអាមេរិក លោក គ្រី ម៉ះផល និងប្រធានរដ្ឋបាលព្រៃឈើកម្ពុជា ត្រូវបានចោទប្រកាន់ពី បទសមគំនិតក្នុងការ « រត់ពន្ធសត្វស្លាក្ដាម ទៅសហរដ្ឋអាមេរិក។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា៖
១.ក្រសួងប្រកាន់ភ្ជាប់នូវគោលការណ៍ និងច្បាប់ដែលមានចែង នៅក្នុងអនុសញ្ញសាយតេស។ វាជា រឿងគួរឱ្យហួសចិត្ត ជាទីបំផុត ដែលលោក គ្រី ម៉ះផល ត្រូវបានឃាត់ខ្លួន ក្រោមបទចោទប្រកាន់នេះ ខណៈដែលលោកកំពុងធ្វើដំណើរ ទៅចូលកិច្ចប្រជុំផ្លូវការ ដើម្បីការពារសត្វនិងរុក្ខជាតិជិតផុតពូជ នៅឯវេទិកាអង្គការសហប្រជាជាតិ និងខណៈដែលប្រទេសទាំងពីរ កម្ពុជា និងសហរដ្ឋអាមេរិក កំពុងមានទំនាក់ទំនងសហប្រតិបត្តិការ យ៉ាងជិតស្និទ។
២.នៅកម្ពុជា សត្វស្វាក្ដាម ជាប្រភេទសត្វសប្បូរ និងមានវត្តមាននៅទូទាំងប្រទេស ទាំងក្នុងព្រៃធម្មជាតិទាំងក្នុងតំបន់ជាយក្រុង និងទីក្រុង ដូចជានៅរមណីដ្ឋានវត្តភ្នំ ក្នុងរាជធានីភ្នំពេញជាដើម។
៣.សត្វស្វាក្តាមត្រូវបានចិញ្ចឹមនៅកម្ពុជា តាំងពីឆ្នាំ២០០៥មកម្ល៉េះ ហើយត្រូវបាននាំចេញសម្រាប់ គោលដៅវេជ្ជសាស្ត្រ ជាពិសេសសម្រាប់ដំណាក់កាលធ្វើពិសោធន៍ ដើម្បីផលិតឱសថ វ៉ាក់សាំង ឬគ្រឿងសំអាង។ សត្វស្វាក្ដាម ទាំងនេះមិនមែនត្រូវបានចាប់ពីព្រៃ ហើយបញ្ជូនទៅក្រៅប្រទេសនោះទេ។ ចំណែកកសិដ្ឋាន ដែលចិញ្ចឹមសត្វស្វាក្តាមទាំងនេះ ទៀតសោត ទម្រាំទទួលបាន ការទទួលស្គាល់តាមផ្លូវច្បាប់ គឺសុទ្ធតែតម្រូវឱ្យគោរព តាមបទដ្ឋានអនាម័យ និងវិធីសាស្ត្រចិញ្ចឹម ត្រឹមត្រូវ ដើម្បីរក្សាឱ្យបាននូវ ហ្សេនេទិក របស់វាមិនឱ្យផុតពូជនោះឡើយ។
៤.សមត្ថកិច្ច គ្រប់គ្រងសាយតេស របស់កម្ពុជា បានអនុញ្ញាតឱ្យនាំចេញ សត្វស្វាក្តាម ដោយផ្អែកលើច្បាប់ និងបទប្បញ្ញត្តិជាតិ និងអន្តរជាតិ។ ចំពោះការនាំចូលទៅសហរដ្ឋអាមេរិក ក្រុមហ៊ុនដែលប្រកប អាជីវកម្មនាំចេញសត្វស្វាក្ដាមនេះ ត្រូវអនុវត្តទៅតាមនីតិវិធី របស់សហរដ្ឋអាមេរិក។
រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រប្រមាញ់ និងនេសាទ និងរាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំប្រឹងប្រែងឱ្យអស់ ពីលទ្ធភាពដើម្បីស្វែងរកយុត្តិធម៌ ជូនមន្ត្រីរបស់ខ្លួន ជាពិសេសអ្នកដែល បំពេញកាតព្វកិច្ចផ្លូវការ តំណាងប្រទេស ស្របតាមអនុសញ្ញាអន្តរជាតិ។ ក្រសួងធានាថា ច្បាប់ និងបទប្បញ្ញត្តិ ព្រមទាំងអនុសញ្ញាអន្តរជាតិនានា នឹងត្រូវបានគោរព៕