ភ្នំពេញ៖ ក្នុងនាមធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចូលរួមអបអរសាទរយ៉ាងក្រៃលែង ដែលអង្ករកម្ពុជា បានឈ្នះជ័យលាភីជា “អង្ករល្អដាច់គេ” របស់ពិភពលោកប្រចាំឆ្នាំ២០២២ ក្នុងវេទិកាសន្និសីទអង្ករពិភពលោក ដែលធ្វើឡើងនៅខេត្តភូកេត ប្រទេសថៃ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។
បើយោងតាម លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានថ្លែងប្រាប់ អង្គភាពសារព័ត៌មានដើមអម្ពិល ហេតុផលដែលអង្ករកម្ពុជា ទទួលបានជ័យលាភី លេខ១ ដោយសារតែ៖ រូបសម្បត្តិ ប្រវែងគ្រាប់អង្ករល្អស្មើគ្នា ពណ៌សភ្លឺរលោងស្អាត ការតុបតែងវេចខ្ចប់អង្ករ មានលក្ខណៈទាក់ទាញក្រោយចម្អិន បាយមានភាពទន់ល្អក្លិនក្រអូបប្រហើរ និងមានឱជារសឆ្ងាញ់ ។
ក្នុងឱកាសនេះ លោករដ្ឋមន្រ្តី ក៏បានឱ្យដឹងផងដែរថា កម្ពុជាទទួលបានជ័យលាភីសរុប ចំនួន៥ដង ក្នុងប្រវត្តិនៃការរៀបចំ ចំនួន១៤ដង ដោយក្នុងនោះ៖ លើកទី១ ក្នុងឆ្នាំ២០១២, លើកទី២ ក្នុងឆ្នាំ២០១៣ លើកទី៣ ក្នុងឆ្នាំ២០១៤ លើកទី៤ ក្នុងឆ្នាំ២០១៨ និងលើកទី៥ ក្នុងឆ្នាំ២០២២។
ដោយឡែក ប្រទេសថៃក៏ធ្លាប់បានចំនួន៧ដង វៀតណាម១ដង និងភូមាបានពានរួមគ្នា ជាមួយអាមេរិកម្តង The TRT World Rice conference រៀបចំឡើង ដោយ The International Commodity Institute (ICI) based in USA។
លោក ឌិត ទីណា បញ្ជាក់ថា «នេះគឺជាមោទនភាពភាព សម្រាប់ជាតិខ្មែរទាំងមូល»៕