ព័ត៌មានជាតិ

កម្ពុជា កំពុងសម្របសម្រួលការពារ និងស្វែងរកយុត្តិធម៌ ជូនមន្រ្តីរដ្ឋបាលព្រៃឈើ ដែលត្រូវអាមេរិកឃាត់ខ្លួន

ភ្នំពេញ៖ ក្រសួងការបរទេស និងស្ថានទូតកម្ពុជានៅវ៉ាស៊ីនតោន និងញូវយ៉ក កំពុងសម្របសម្រួលតាមច្រកការទូត និងតាមផ្លូវច្បាប់ ដើម្បីការពារ និងស្វែងរកយុត្តិធម៌ជូន មន្រ្តី​រដ្ឋបាល​ព្រៃឈើ​ដែល ត្រូវបានអាមេរិកឃាត់ខ្លួន ក្នុងពេលកំពុងបំពេញបេសកកម្មផ្លូវការ ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១៨ វិច្ឆិកានេះថា «ចំពោះករណីមន្រ្តីរបស់យើង ត្រូវឃាត់ខ្លួននៅញីវយ៉ក ខ្ញុំសូមជំរាបថា ក្រសួងការបរទេស និងស្ថានទូតកម្ពុជានៅវ៉ាស៊ីងតោន និងញីវយ៉ក កំពុងធ្វើការសំរបសំរួលតាមច្រកការទូត និងតាមផ្លូវច្បាប់ ដើម្បីការពារ និង ស្វែងរកយុត្តិធម៌ជូន មន្រ្តីរបស់យើង ដែលត្រូវបានឃាត់ខ្លួន ក្នុងពេលកំពុងបំពេញបេសកកម្មផ្លូវការ» ។

លោកបន្ថែមថា ក្នុងពេលជាមួយគ្នានេះ ស្ថានទូតកម្ពុជា ក៏កំពុងស្វះស្វែង ដើម្បីបានចូលជួបសាម៉ីខ្លួន ហើយក៏កំពុងរកមេធាវីការពារក្តីនេះផងដែរ ។

សូមរំលឹកថា តាមការប្រកាសចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ លើគេហទំព័ររបស់ក្រសួងយុត្តិធម៌ សហរដ្ឋអាមេរិក លោក គ្រី ម៉ះផល និងប្រធានរដ្ឋបាលព្រៃឈើកម្ពុជា ត្រូវបានចោទប្រកាន់ពី បទសមគំនិតក្នុងការ « រត់ពន្ធសត្វស្លាក្ដាម ទៅសហរដ្ឋអាមេរិក ។

ពាក់ព័ន្ធបញ្ហានេះដែរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានភ្ញាក់ផ្អើលនិងក្ដីទោមនស្សយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ ត្រូវបានឃាត់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ឌេឌី ក្នុងរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក អំឡុងពេល លោកកំពុងរង់ចាំ បន្តដំណើរទៅចូលរួមកិច្ចប្រជុំ អនុសញ្ញាការពារសត្វនិងរុក្ខជាតិជិតផុតពូជ CITES (សាយតេស) នៅប្រទេស ប៉ាណាម៉ា ៕

To Top