ព័ត៌មានជាតិ

ឃុំខ្លួនអតីតស្មៀនសង្កាត់តាខ្មៅ ឈ្មោះ សុខ សុផា ជាប់ពាក់ព័ន្ធនឹងការកិបកេងលុយជាង ៧០លានរៀល ដែលជាលុយ សម្រាប់ឧបត្ថម្ដដល់ជនក្រីក្រក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩

ភ្នំពេញ: ចៅក្រមស៊ើបសួរ នៃ តុលាការខេត្តកណ្តាល កាលពីថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២២នេះ បាន សម្រេចឃុំខ្លួន លោក សុខ សុផា ជាស្មៀន សាលាសង្កាត់តាខ្មៅ និង បានបញ្ជូនខ្លួនគាត់ ទៅឃុំខ្លួន ជាបណ្ដោះអាសន្ននៅក្នុងពន្ធនាគារ ដើម្បីរង់ចាំ ដោះស្រាយ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ថា គាត់បានស៊ីដាច់​ប្រាក់ ចំនួនជាង៧០ លានរៀល ពីកម្មវិធីឧបត្ថម្ភ​សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ-១៩ នាពេលកន្លងមកនេះ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ន របស់ចៅក្រមស៊ើបសួរ បានឱ្យដឹងថា: នៅក្នុងករណីនេះ ជនត្រូវចោទឈ្មោះ សុខ សុផា ភេទ ប្រុស អាយុ ៤៦ ឆ្នាំ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល ចោទប្រកាន់ពីបទ: វីតិក្រម តាមបញ្ញត្តិមាត្រា ៥៩៧ និង មាត្រា៥៩៨ នៃក្រមព្រហ្មទណ្ឌ។

ឈ្មោះ សុខ សុផា អាចប្រឈមមុខនឹងការជាប់គុក ចន្លោះពី ២ និង ៥ ឆ្នាំ ប្រសិនបើ តុលាការរកឃើញ ពិរុទ្ធភាព។

គាត់ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២២ តាមបណ្តឹងរបស់ មន្ត្រីតំណាងឱ្យ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានប្តឹងមកកាន់ លោក សុខ សុផា មកកាន់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានប្រព្រឹត្តអំពើទុច្ចរិត បានកិបកេងប្រាក់ និង ស៊ីដាច់​ប្រាក់ពីកម្មវិធីឧបត្ថម្ភ​សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ-១៩ ជាង៧០លានរៀល។

ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះ លោកសុខ សុផា មិនអាចទាក់ទង ដើម្បីសុំការបំភ្លឺបានឡើយ៕ដោយ: លីហ្សា

To Top