ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា កម្ពុជា-វៀតណា គួរគប្បីខិតខំបន្ថែមទៀត ទាញយកប្រយោជន៍ឱ្យអស់សក្តានុពលពីយន្តការកិច្ចសហប្រតិបត្តិ ការដែលមានស្រាប់ ដេីម្បីទប់ស្កាត់ការជ្រៀតជ្រែកចូល កិច្ចការផ្ទៃក្នុងពីខាងក្រៅ និងទប់ស្កាត់ឧបាយកលរបស់ពួកអមិត្ត ដែលប៉ុនប៉ង បំបែកបំបាក់ចំណងមិត្តភាព សាមគ្គីភាព នៃប្រទេសទាំងពីរ។
នាឱកាសទទួលជួបលោក វឿង ឌិញហ្វេ (VUONG DINH HUE) ប្រធានរដ្ឋសភាវៀតណាម នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេច ប្រធានព្រឹទ្ធសភា បានកត់សម្គាល់ឃើញថា ក្នុងកាលៈទេសៈដែលពិភពលោភ កំពុងរងនូវវិបត្តិសេដ្ឋកិច្ចសកល សន្តិសុខស្បៀង និងថាមពល ប្រទេសទាំងពីររក្សាបាននូវកំណើនសេដ្ឋកិច្ចវិជ្ជមាន និងនាំមុខនៅក្នុងតំបន់។
សម្ដេច មានប្រសាសន៍ថា “ប្រទេសទាំងពីរគួរគប្បីខិតខំបន្ថែមទៀត ទាញយកប្រយោជន៍ឱ្យអស់សក្តានុពល ពីយន្តការកិច្ចសហប្រតិបត្តិ ការដែលមានស្រាប់ដើម្បីបង្កើនទំហំការផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍បន្ថែមទៀត ដើម្បីធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា ពង្រឹងភាពជាម្ចាស់ ឯករាជ្យភាព ទប់ស្កាត់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងពីខាងក្រៅ និងទប់ស្កាត់ឧបាយកលរបស់ពួកអមិត្តដែលប៉ុនប៉ង បំបែកបំបាក់ចំណងមិត្តភាព សាមគ្គីភាព នៃប្រទេសទាំងពីរ”។
ទន្ទឹមគ្នានេះ សម្តេច បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាចាត់ទុកវៀតណាមគឺជាមិត្តល្អ ជាបងប្អូនល្អ ជាអ្នកជិតខាងល្អ និងជាដៃគូល្អ តាមពាក្យស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង”។
ឆ្លៀតឱកាសនោះដែរ លោកប្រធានរដ្ឋសភាវៀតណាមបានសង្ឃឹមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាល និងរដ្ឋសភាវៀតណាម ជាមួយសភាកម្ពុជា និងប្រជាជននៃប្រទេសទាំងពីរ កាន់តែរីកចម្រើនថែមទៀតនាពេលខាងមុខ។
លោក បានបញ្ជាក់ថា រដ្ឋសភាវៀតណាមនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំបន្ថែមទៀត៕