ព័ត៌មានជាតិ

អ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងភរិយា អ្នកឧកញ៉ា គៀន ស្រីនាង បានផ្ដល់អគារសម្រាកព្យាបាល ជំងឺ១ខ្នង និងបន្ទប់ទឹក១ខ្នង សម្រាប់មណ្ឌលសុខភាព ហ៊ុន សែន ថ្មដា

ពោធិ៍សាត់៖ ដើម្បីឆ្លើយតបទៅនឹង សំណូមពររបស់បងប្អូន ប្រជាពលរដ្ឋ និង មន្ត្រីពាក់ព័ន្ធប្រចាំមូលដ្ឋាន ក៏ដូចជាដើម្បីចូលរួមចំណែក ក្នុងការជួយសម្រួល ដល់ការផ្ដល់ និង ទទួលសេវាសុខភាពសាធារណៈ នៅមណ្ឌលសុខភាពថ្មដា អ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប និង លោកស្រី អ្នកឧកញ៉ា គៀន ស្រីនាង បានផ្ដល់នូវអគារសម្រាកព្យាបាលជំងឺ ១ខ្នង ទំហំ២១ម x១៥.៥ម ស្មើនឹង៩បន្ទប់ ក្នុងនោះមានបន្ទប់សម្រាកព្យាបាល ជំងឺ៨បន្ទប់ ដែលអាចដាក់គ្រែបាន ២៤គ្រែ បន្ទប់សម្រាប់ក្រុមគ្រូពេទ្យ ១បន្ទប់ និង បន្ទប់រង់ចាំ ០១បន្ទប់ ព្រមទាំងបន្ទប់ទឹក១ខ្នង ស្មើនឹង៦បន្ទប់ ដែលគ្រោងនឹងចំណាយ ថវិកាអស់ ជាង៧ម៉ឺនដុល្លារអាមេរិក ដល់មណ្ឌលសុខភាព ហ៊ុន សែន ថ្មដា ដែលស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

មុននឹងចាប់ផ្ដើមដំណើរការ នៃការសាងសង់ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ អ្នកឧកញ៉ា បណ្ឌិត បានចាត់តាំងក្រុមការងារជំនាញ ប្រចាំទីស្នាក់ការកណ្ដាលភ្នំពេញ របស់ក្រុមហ៊ុន ដែលដឹកនាំដោយលោក ឃៀង សុជីវ័ន្ត ដើម្បីចុះត្រួតពិនិត្យមើលទីតាំងសាងសង់។ ក្នុងការចុះត្រួតពិនិត្យមើលទីតាំងសាងសង់នេះ ក៏មានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ ព្រមទាំងលោកគ្រូ-អ្នកគ្រូពេទ្យជាច្រើនរូបផងដែរ។

សូមបញ្ជាក់ជូនផងដែរថា ដោយមណ្ឌលសុខភាពនេះ ស្ថិតនៅជិតព្រំដែនថ្មដាជាប់ប្រទេសថៃ ដែលមានចំងាយឆ្ងាយពីទីប្រជុំជន ដូច្នេះមណ្ឌលសុខភាពនេះ អាចនឹងត្រូវបានប្រែក្លាយជាមន្ទីរពេទ្យបង្អែក នាថ្ងៃខាងមុខ។

To Top