ព័ត៌មានជាតិ

ប្រមុខការពារជាតិចិន កោតសរសើរសមិទ្ធផល ការងារជាច្រើនដែលលោក ហ៊ុន ម៉ាណែត សម្រេចបានក្នុងនាមជាមេទ័ពជើងគោក

ភ្នំពេញ៖ លោក Wei Feng He រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង ព្រមទាំងសមិទ្ធផលការងារ ជាច្រើនដែលលោក ហ៊ុន ម៉ាណែត សម្រេចបានក្នុងនាមជា មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងរយៈពេលជាង ៤ឆ្នាំកន្លងមក ។

ក្នុងជំនួបសម្ដែងការគួរសមជាមួយ ប្រមុខការពារជាតិចិន កាលពីថ្ងៃទី២០ វិច្ឆិកា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការ ជាលើកទី២ របស់ លោក Wei Feng He មកកាន់កម្ពុជា ស្របពេលដែលឆ្នាំ២០២២នេះ គឺជាខួបអនុស្សារីយ៍លើកទី៦៤ នៃចំណងការទូតផ្លូវការ នៃប្រទេសទាំងពីរ ដែលពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញ ពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងទំនាក់ទំនងកិច្ចសហ ប្រតិបត្តិការល្អរវាងប្រទេស រដ្ឋាភិបាល កងទ័ព និងប្រជាជនទាំងពីរកម្ពុជា-ចិន។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះ កងទ័ពរំដោះប្រជាជនចិន ដែលតែងបានជួយឧបត្ថម្ភគាំទ្រ ដល់កងយោធពលខេមរភូមិន្ទ និងបានធ្វើការវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ដែលស្តែងឡើងតាមរយៈ វឌ្ឍនភាពការងារជាច្រើន នៅក្រោយដំណើរទស្សនកិច្ចផ្លូវការ លើកទី១ របស់លោកឧត្តមសេនីយ៍ នៅសាធារណរដ្ឋប្រជាមានិតចិន កាលពីឆ្នាំ២០១៩ ហើយជាពិសេសទំនាក់ទំនង ក្នុងកម្រិតកងទ័ពជើងគោកនេះ បានឈានឡើងដល់កម្រិតមួយទៀត គឺការចុះហត្ថលេខាលើ MOU កាលពីខែមីនា ឆ្នាំ២០២២ សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំ។

ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ឯក ក៏បានចូលរួមអបអរសាទរ ចំពោះជោគជ័យដ៏ត្រចះត្រចង់ នៃសមាជជាតិលើកទី២០ នៃបក្សកុម្មុយនីស្តចិន ដែលបានប្រព្រឹត្តទៅកាលពីខែតុលា ឆ្នាំ២០២២ កន្លងមកនេះ និងបានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះប្រសិទ្ធភាព និងភាពហ្មត់ចត់នៃ ការគ្រប់គ្រងបញ្ហាកូវីដ-១៩ នៅក្នុងប្រទេសចិន ដែលជាប្រទេសធំ និងមានប្រជាជនច្រើន។

ជាការឆ្លើយតប លោក Wei Feng He បានសម្តែងនូវក្តីរីករាយចំពោះ ឱកាសដ៏មានអត្ថន័យ ដែលបានជួបសំណេះសំណាលជាមួយ លោក ហ៊ុន ម៉ាណែត ជាថ្មីម្តងទៀត និងបានកោតសរសើរចំពោះ កិច្ចខិតខំប្រឹងប្រែង ព្រមទាំងសមិទ្ធផលការងារជាច្រើនដែល លោក ហ៊ុន ម៉ាណែត សម្រេចបានក្នុងនាមជា មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទក្នុងរយៈពេលជាង ៤ ឆ្នាំកន្លងមក។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានសម្តែងនូវការពេញចិត្ត ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោកទាំងពីរ ដែលសម្រេចបានរហូតមកដល់ពេលនេះ ព្រមជាមួយនឹងការគាំទ្រចំពោះទិសដៅ សហប្រតិបត្តិការនានាសម្រាប់ពេលខាងមុខ ដែលមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសទាំងពីរបានពិភាក្សា និងឯកភាពគ្នាកន្លងមកផងដែរ ៕

To Top