ភ្នំពេញ ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានមហាសន្និបាត អាយប៉ា បានគូសបញ្ជាក់ថា នៅក្នុងតំបន់អាស៊ាន និងពិភពលោកនា ពេលបច្ចុប្បន្នបាននិងកំ ពុងជួបប្រទះ បញ្ហាប្រឈម និងសម្ពាធពីគ្រប់ទិសទី។
ថ្លែងក្នុងពិធីបើក នៃមហាសន្និបាតអាយប៉ា លើកទី៤៣នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២សម្តេច ហេង សំរិន បានគូសបញ្ជាក់ថា៖«យើងប្រារព្ធពិធីបើក មហាសន្និបាតអាយប៉ាលើកទី៤៣ នៅ រាជធានីភ្នំពេញនា ថ្ងៃនេះ គឺស្ថិតក្នុងបរិយាកាសពោរពេញ ដោយសន្តិភាព និងរីករាយ ខណៈដែលពិភព លោកយើង កំពុងរស់នៅបច្ចុប្បន្ន មានស្ថានភាពមិនដូចគ្នាឡើយ ។ តំបន់អាស៊ាន និងពិភពលោក កំពុងជួបប្រទះបញ្ហាប្រឈម និង សម្ពាធពីគ្រប់ទិសទី»។
ជាមួយគ្នានោះដែរ សម្តេចប្រធានរដ្ឋសភា បានថ្លែងបន្ថែមថា បញ្ហាដែលកើតឡើងរួម មានការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយ ដ៏តានតឹង, ការចុះទន់ខ្សោយ នៃប្រព័ន្ធ ពហុភាគីនិយម និងការចាប់ផ្តើមបែងចែក និន្នាការសេដ្ឋកិច្ច ភាពតានតឹង នៃបញ្ហា តៃវ៉ាន់, ភាពតានតឹងនៅឧបទ្វីបកូរ៉េ, ជម្លោះដែនសមុទ្រ និងវិបត្តិនយោបាយ និង មនុស្សធម៍ នៅមីយ៉ាន់ម៉ា ដែលធ្វើឱ្យប្រទេសទាំងអស់ នៅក្នុងតំបន់ និងពិភព លោកទទួលរង នូវឥទ្ធិពលដ៏លំបាកយ៉ាងខ្លាំង ។ ជាមួយគ្នានេះ សង្គ្រាមនៅ អ៊ុយក្រែន បានបន្ថែមការលំបាកមួយកម្រិតទៀតដល់ពិភពលោក លើបញ្ហាថាមពល និងសន្តិសុខស្បៀងអាហារផងដែរ ។
សម្តេចបានលើកឡើងថា ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ទាំងនេះ អាយប៉ាគួរតែជំរុញឆន្ទៈកាន់តែមោះមុត ក្នុងការពង្រឹងប្រព័ន្ធពហុភាគីនិយមឡើងវិញ ឱ្យកាន់តែមានភាពបើកចំហ បរិយាបន្ន និងផ្អែកលើច្បាប់ ខណៈដែលយើងបន្តពង្រឹង ភាពជាដៃគូ ពហុភាគី និងកិច្ចសហការអន្តរវិស័យ ដើម្បីធានាថា សហគមន៍អាស៊ានរបស់យើង ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។ ការលើកកម្ពស់សន្តិភាព និងការ យោគយល់គ្នា ក្នុងកម្រិតថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់សកល គឺជាការខិតខំមិន ចេះរីងស្ងួតរបស់យើង ហើយជាពិសេសវិស័យការទូតសភា គួរតែបន្តដើរតួនាទី កាន់តែសំខាន់ នៅក្នុងបញ្ហានេះ ។
សម្តេច ហេង សំរិន បានគូសបញ្ជាក់ថា៖«យើងត្រូវធ្វើឱ្យពិភពលោកដឹងពីជំហររបស់យើង ដោយបដិសេធរាល់គំនិត និងការអនុវត្តទាំងឡាយ ដែលបង្កឱ្យមានសង្គ្រាម ហើយយើងត្រូវ ប្រកាន់ខ្ជាប់នូវ គោលការណ៍ច្បាប់ ដែលមានចែងនៅក្នុងធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ ធម្ម នុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ» ។
សម្តចថា ជាការពិតណាស់ ដើម្បីសម្រេច បាននូវសហគមន៍អាស៊ានមួយ ដែលមាននិរន្តរ ភាពយូរអង្វែង យើងទាំងអស់គ្នា ចាំបាច់ត្រូវមានកិច្ចខិតខំ ប្រឹងប្រែងរួមគ្នា ក្នុងការ អនុវត្តនូវដំណើរ ការនៃការស្ដារឡើងវិញ ដែលសំដៅលើកកម្ពស់ដល់ភាពធន់ ទៅនឹងអាកាសធា តុ អន្តរកម្មថាមពលស្អាត និងករកើតឡើងវិញ ការវិនិយោគ បៃតង និងការធ្វើហិរញ្ញប្បទានបៃតង ជាដើម ដែលកត្តាទាំងនេះ យើង ត្រូវ ព្យាយាមសម្រេចឱ្យ បាននូវរបៀបវារៈដ៏សំខាន់របស់យើង ដែលផ្ដោតលើបរិស្ថាន សង្គម និងអភិបាលកិច្ច ដែលប្រការនេះ នឹងជួយទាក់ទាញដល់ការវិនិយោគទុន បរទេសមកកាន់តំបន់របស់យើង ។
ជាមួយគ្នានោះដែរសម្តេចបានលើកឡើងថា ស្ថាប័ននីតិប្បញ្ញត្តិ ត្រូវដើរតួនាទីសំខាន់ ក្នុងការ លើកកម្ពស់គម្រូថ្មី នៃការអភិវឌ្ឍសេដ្ឋកិច្ច ដែលមានតុល្យភាពរវាងការការពារប រិស្ថាន កំណើនសេដ្ឋកិច្ច បរិយាបន្ន និងមាននិរន្តភាពយូរអង្វែង ។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ៖ «យើងគួរតែធ្វើគ្រប់យ៉ាង ដើម្បីធានាថា ការងើបឡើងវិញ គឺប្រកបដោយបរិយាប ន្ន ហើយមិនមាននរណាម្នាក់ នឹងត្រូវបានទុក ចោលឡើយ ។ បរិយាបន្នឌីជីថល បរិ យាបន្នហិរញ្ញវត្ថុ, ការគាំពារសង្គម សមភាពយេនឌ័រ និងការអភិវឌ្ឍដែលផ្តោតលើ ប្រជាជនជាធំ គឺជាយន្តការសំខាន់បំផុតក្នុងការធានា បាននូវការអភិវឌ្ឍប្រកប ដោយចីរភាព បរិយាបន្ន និងភាពធន់»៕