ភ្នំពេញ៖ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានរៀបចំពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា (MOU) ស្តីពីការពង្រឹងសុវត្ថិភាពចរាចរណ៍ និងការកែលម្អបរិក្ខារសុវត្ថិភាព នៅតំបន់សាលារៀនក្នុងប្រទេសកម្ពុជា រវាងភាគីកម្ពុជា និងភាគីកូរ៉េ។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកស្រី មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) ជាមួយនឹងលោកសាស្រ្តាចារ្យ Huh Eok តំណាងសម្ព័ន្ធសាកលវិទ្យាល័យ GACHON នៃសាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមពី សំណាក់ថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ តំណាងអគ្គស្នងការនគរបាលជាតិ តំណាងក្រសួងអប់រំ តំណាងក្រុមហ៊ុន DAOL PLC តំណាងអង្គការCAMSAFE និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។
នាឱកាសនោះ អ្នកតំណាងអង្គការCAMSAFE និងលោកសាស្រ្តាចារ្យ តំណាងសម្ព័ន្ធសាកលវិទ្យាល័យ GACHON នៃប្រទេសកូរ៉េ បានថ្លែងនូវចំណាប់អារម្មណ៍ ក៏ដូចជាទស្សនវិស័យជុំវិញបញ្ហា គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ដោយផ្តោតជាសំខាន់លើតំបន់សាលារៀន ដែលមានអត្ថន័យជារួមថា៖ តំបន់សាលារៀន គឺជាតំបន់ដែលគួរតែយកចិត្តទុកដាក់បំផុត ក្នុងការថែរក្សាសុវត្ថិភាពចរាចរណ៍ឱ្យបានល្អ ហើយគ្រោះថ្នាក់ចរាចរណ៍លើកុមារ គឺជាអ្វីដែលត្រូវតែរួមគ្នាកាត់បន្ថយ ឱ្យបានច្រើនជាទីបំផុត ដូច្នេះហើយការពង្រឹងសុវត្ថិភាពចរាចរណ៍ នៅតំបន់សាលារៀន ជារឿងដែលមិនអាចមើលរំលងបាន ហើយការអប់រំអំពីសុវត្ថិភាពចរាចរណ៍ គួរតែចាប់ផ្តើមតាំងពី កម្រិតបឋមសិក្សាឡើងទៅ។
ថ្លែងទៅកាន់អង្គពិធីទាំងមូល លោកស្រី រដ្ឋលេខាធិការ ក៏បានលើកឡើងអំពីការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ ចំនួនអ្នកស្លាប់ និងរបួសធ្ងន់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ដែលជាផ្នែកមួយ ក្នុងការអភិវឌ្ឍប្រទេសជាតិ និងបានបន្ថែមថា៖ ការចូលរួមគាំទ្រពីសំណាក់ អង្គការក្រៅរដ្ឋាភិបាល ស្ថាប័នឯកជននានា គឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាលក្នុងការពង្រឹង សុវត្ថិភាពចរាចរណ៍នៅកម្ពុជា។
បន្ថែមពីលើនេះ លោកស្រី បានបង្ហាញជំនឿចិត្តយ៉ាង មុតមាំលើគម្រោងមួយនេះ ដែលនឹងអាចចូលរួមកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ និងកែប្រែអាកប្បកិរិយាអ្នកប្រើប្រាស់ផ្លូវ ជាពិសេសនៅតំបន់សាលារៀន ឱ្យមានភាពល្អប្រសើរឡើង ហើយគម្រោងនេះនឹងមាននិរន្តរភាព និងការអភិវឌ្ឍទៅមុខជាបន្ត បន្ទាប់ពី ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់នេះហើយ។
សូមជម្រាបជូនថា អនុស្សរណៈនៃការយោគយល់នេះ ធ្វើឡើងក្នុងគោលបំណងអនុវត្តសកម្មភាពនានា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ ចំនួនអ្នកស្លាប់ និងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវ និងជំរុញការយល់ដឹងជាបន្តបន្ទាប់ ដល់អ្នកជំនាញសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការយល់ដឹងពី បរិយាកាសសុវត្ថិភាពចរាចរណ៍ ផ្លូវគោកនៅកម្ពុជា ហើយអនុស្សរណៈនៃ ការយោគយល់នេះមានសុពល ភាពរយៈពេល៥ឆ្នាំ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៧ ៕