ព័ត៌មានជាតិ

សម្ដេចតេជោ ៖ វិស័យកីឡា ដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងទំនាក់ទំនង ពង្រឹងសាមគ្គីភាព និងមិត្តភាព

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា វិស័យកីឡា ដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងទំនាក់ទំនង ព្រមទាំងពង្រឹងសាមគ្គីភាព និងមិត្តភាព ហើយក៏ចូលរួមចំណែកដល់ការបង្កើនមូលធនសង្គម និងការសម្រេចបានសុខដុមនីយកម្ម ក្នុងសង្គមជាតិ។

នាឱកាសអញ្ជើញបើកព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាជនពិការលើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា វិស័យកីឡាពិតជាដើរតួសំខាន់ ក្នុងការពង្រឹងសុខភាពផ្លូវកាយរឹងមាំ លើកកម្ពស់សុខភាពផ្លូវចិត្ត បង្កើនផលិតភាពការងារ កាត់បន្ថយភាពតាន តឹងក្នុងអារម្មណ៍ លើកកម្ពស់គុណភាពជីវិត និងសុភមង្គលក្នុងក្រុមគ្រួសារ។

សម្ដេចតេជោ មានប្រសាសន៍ថា «វិស័យកីឡា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងទំនាក់ទំនង ការពង្រឹងសាមគ្គីភាព និងមិត្តភាពដែលការណ៍នេះ រួមចំណែកដល់ការបង្កើនមូលធនសង្គម និងការសម្រេច បានសុខដុមនីយកម្មក្នុងសង្គមជាតិ»។

សម្ដេចតេជោ បន្ដថា ជាងនេះទៀត ព្រឹត្តិការណ៍កីឡាផ្តល់ឱកាសល្អសម្រាប់ការផ្លាស់ប្តូរបច្ចេកទេស និងបទពិសោធ ដែលជាមរតកវប្បធម៌ជាតិ និងជាសិល្បៈការពារខ្លួនរបស់ប្រទេសជាតិ ព្រមទាំងជួយបំផុសស្មារតីមហាជនឱ្យស្រឡាញ់គាំទ្រវិស័យកីឡា និងលើកកម្ពស់កិត្តិសព្ទកីឡារបស់ជាតិ ឱ្យកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ។

ឆ្លៀតឱកាសនោះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានលើកទឹកចិត្តចំពោះក្មួយៗ ចៅៗ កីឡាករ-កីឡាការិនីមានពិការភាព ដែលត្រូវបានក្រសួងអប់រំយុវជន និងកីឡាបញ្ចូលក្នុងកម្មវិធីប្រកួតកីឡាជាតិជនពិការលើកទី១ ក្នុងឆ្នាំនេះ សូមខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាព ឱ្យអស់ពីកម្លាំងកាយចិត្ត និងមានភាពស្វាហាប់ពោរពេញ ដោយកម្លាំងចិត្តខ្លាំងក្លា ដើម្បីយកឈ្នះលើពិការភាពរបស់ក្មួយៗចៅៗ សំដៅបង្ហាញនូវការពិតដែលថា «ពិការភាពប្រកបដោយសមត្ថភាពខ្ពស់»៕

To Top